(ភ្នំពេញ)៖ សាកលវិទ្យាល័យវេស្ទើន បានចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណង ដើម្បីបំពេញបន្ថែមនូវការទទួលយកជំនួយពីធនាគារពិភពលោក និងដើម្បីធ្វើកិច្ចសហការចែករំលែកបទពិសោធន៍ចំណេះដឹងឲ្យគ្នាទៅវិញទៅមកផងដែរ។

លោកបណ្ឌិត កៀងរតនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន បានឲ្យដឹងថា តាមគោលការណ៍ ធនាគារពិភពលោក នឹងទទួលយកសំណើក្នុងការផ្ដល់មូលនិធិជំនួយចំនួន៦លានដុល្លារ ដល់សាកលវិទ្យាល័យឯកជន ចំនួន៨ នៅប្រទេសកម្ពុជា ប្រសិនបើសាកលវិទ្យាល័យឯកជនទាំង៨នេះ ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យមួយ ក្នុងស្រុកនិងមួយទៀតនៅបរទេស។ ដូច្នេះហើយទើបសាកលវិទ្យាល័យវេស្ទើន ដែលស្ថិតនៅក្នុង ចំណោមសាកលវិទ្យាល័យឯកជនទាំង៨នេះ បានធ្វើកិច្ចសហប្រតិបត្តិការ ដោយបានចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលនេះ និងបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យមួយទៀត នៅសាធារណរដ្ឋកូរ៉េ សំដៅបំពេញបន្ថែមឲ្យគ្រប់តាមគោលការណ៍តម្រូវ របស់ធនាគារពិភពលោក។

គោលបំណងនៃការធ្វើកិច្ចសហការ រវាងសាកលវិទ្យាល័យវេស្ទើន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាពេលនេះ ក៏ដើម្បីធ្វើវឌ្ឍនភាពកម្មវិធីសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ពិនិត្យ និងផ្លាស់ប្ដូរកម្មវិធីសិក្សា ការអភិវឌ្ឍវិធីសាស្ត្រ នៃការបង្រៀន និងរង្វាយតម្លៃ ក្នុងកម្មវិធីសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ពង្រឹងសមត្ថភាពរបស់សាស្ត្រាចារ្យ ឲ្យស្របទៅតាមកម្មវិធីសិក្សាថ្មី សិក្សាពីគម្លាតសមត្ថភាពរបស់សាស្រ្តាចារ្យ ផ្ដល់នូវកម្មវិធីសិក្សាបន្ថែម ដើម្បីពង្រឹងសមត្ថភាព អភិវឌ្ឍសម្ភារៈរូបវន្ត ដើម្បីជួយគាំទ្រការអភិវឌ្ឍន៍របស់កម្មវិធីសិក្សា ពិនិត្យនិងប្រមូលទិន្នន័យសម្ភារៈរូបវន្ត និងអភិវឌ្ឍផែនការសកម្មភាពដើម្បីធ្វើឲ្យសម្ភារៈរូបវន្តកាន់តែប្រសើរឡើងផងដែរ។

តាមរយៈកិច្ចសហការនេះសាកលវិទ្យាល័យវេស្ទើន នឹងផ្ដល់ជូនការគាំទ្រផ្នែកហិរញ្ញវត្ថុ លើសកម្មភាពនៃការចំណាយ ជួយគាំទ្ររាល់សកម្មភាពទាំងឡាយ ដែលស្របតាមកិច្ចព្រមព្រៀង ចាត់តាំងបុគ្គលិកជំនាញ ដើម្បីហ្វឹកហាត់ និងរៀនសូត្របន្ថែម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសម្របសម្រួលការងាររដ្ឋបាលផ្សេងៗ។

ជាមួយនេះលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានាពេលនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងផ្ដល់ជូននូវអ្នកជំនាញ និងបច្ចេកទេសជំនួយ សម្រាប់សាកលវិទ្យាល័យវេស្ទើន ដើម្បីផ្លាស់ប្ដូរកម្មវិធីសិក្សាជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ហ្វឹកហាត់ជំនាញបន្ថែម ជូនដល់បុគ្គលិករបស់សាកលវិទ្យាល័យវេស្ទើន ចូលរួម និងអភិវឌ្ឍផែនការសកម្មភាព ដើម្បីអភិវឌ្ឍកម្មវិធីសិក្សាសេវាកម្ម និងសម្ភារៈរូបវន្ត ក្នុងជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ព្រមទាំងសម្របសម្រួលការងាររដ្ឋបាលបន្ថែមទៀតផងដែរ។

ក្នុងឱកាសនោះ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានថ្លែងអំណរគុណ ធនាគារពិភពលោក ដែលបានជឿទុកចិត្តលើសាកលវិទ្យាល័យវេស្ទើន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រាន់ សំរាប់អភិវឌ្ឍន៍សាកលវិទ្យាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា គោលបំណងធំសំរាប់ការចុះ MOU ថ្ងៃនេះ គឺដើម្បីបំពេញលក្ខណ៍ ក្នុងការទទួលយកជំនួយពីធនាគារពិភពលោក។

លោក តែ ឡូរិន បន្ថែមថា «យើងចុះ MOU នៅថ្ងៃនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ រវាងសាលកវិទ្យាល័យទាំងសងខាង ថាតើយើងមានចណុចខ្លាំងអ្វី ខាងសាកលវិទ្យាល័យនៅកូរ៉េ មានចំណុចខ្លាំងអ្វី ហើយយើងស៊ែរគ្នា ដើម្បីអភិវឌ្ឍន៍ទាំងអស់គ្នា ក្រោមជំនួយឧបត្ថម្ភពីធនាគារពិភពលោក»

លោក តែ ឡូរិន ក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលមើលឃើញការចាំបាច់របស់សាកលវិទ្យាល័យឯកជន ពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ដែលបានធ្វើអោយថមថយនូវធនធាន និថបរិមាណនៃការបណ្តុះបណ្តាលធនធានមនុស្ស។ ដូច្នេះជំនួយនេះ អាចជំរុញអោយយើងមានលទ្ឋភាព សមត្ថភាពបន្តចំណេះដល់យុវជន ប្រជាពលរដ្ឋកម្ពុជា ជួយគាំទ្រអភិវឌ្ឍប្រទេសយើងទៅអនាគត៕