(ភ្នំពេញ)៖ ក្រោយបានបាត់មុខពីពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ អតីតតារាសម្តែងក្នុងរឿង «ចៅពស់កេងកង» និងជាម្ចាស់បទ «ចិត្តមារ» លោក ម៉េង ប៊ុនឡូ ស្រាប់តែលេចមុខមកកាន់កាប់ «ស្ទូឌីយោកោះស្លាកែត» លំដាប់ពិភពលោករបស់ផលិតកម្មដាវីត្រាមេឌៀរ ដែលមានតម្លៃរាប់លានដុល្លារ។

ផលិតកម្មដាវីត្រាមេឌៀរ ដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគ ទៅលើការសាងសង់ស្ទួឌីយោ ដែលមានឈ្មោះថា «កោះស្លាកែត Studio Resort » ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ម៉េង ប៊ុនឡូ ជាអ្នកគ្រប់គ្រងនៅស្ទូឌីយោកោះស្លាកែត បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលលោកបានមកកាន់កាប់ស្ទូឌីយោ លំដាប់ពិភពលោកដំបូងបង្អស់នៅកម្ពុជា។

លោកបានថ្លែងថា មូលហេតុដែលស្ទូឌីយោកោះស្លាកែត ជាស្ទូឌីយោលំដាប់ពិភពលោកនោះ ដោយសារតែស្ទូឌីយោកោះស្លាកែត ត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗ យីហោល្បីៗ ដែលមានតម្លៃជាងកន្លះលានដុល្លារឯនោះ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានក្តីរំភើបណាស់ ដែលម្ចាស់ផលិតកម្មបានផ្តល់កិត្តិយស និងទំនុកចិត្តដល់រូបខ្ញុំ និងក្រុមការងារក្នុងការមកកាន់កាប់ស្ទូឌីយោ លំដាប់ពិភពលោកបែបនេះ។ ខ្ញុំអាចនិយាយបានថា ស្ទូឌីយោកោះស្លាកែត គឺជាស្ទូឌីដែលបំពាក់ដោយឧបករណ៍ម៉ាកល្បីៗលំដាប់ពិភពលោក បច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលជាស្ទូឌីមានតែមួយគត់ នៅក្នុងប្រទេសកម្ពុជា»

បើយោងតាមលោក ប៊ុនឡូ Studio Resort កោះស្លាកែត គឺជាគម្រោងដែលមានលក្ខណៈប្លែក មិនធ្លាប់មាននៅកម្ពុជា។ គម្រោងនេះបង្កើតឡើង ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងសិល្បៈ។ គម្រោងនេះមានផ្ទៃដី១០ហិកតា តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយប្រហែល ២គីឡូម៉ែត្រពីផ្សារគគីរ។

លោកថា Studio Resort កោះស្លាកែត គឺត្រូវបានធ្វើឡើងបែបជាលក្ខណៈទេសចរណ៍ ដែលអាចថតកុន ចម្រៀងទាំងផ្នែកខាងក្នុងអគារ និងទីធ្លាខាងក្រៅនៃគម្រោងធំនេះ។ ក្រុមហ៊ុនចង់អភិវឌ្ឍ Studio Resort កោះស្លាកែតឱ្យក្លាយជាទីកន្លែងលំដាប់អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិមកទស្សនា។

លោកបានថ្លែងបន្ថែមថា «យើងពេញចិត្តនឹងគម្រោងនេះខ្លាំងណាស់ ដោយសារតែវាជួយរួមចំណែកលើកស្ទួយប្រពៃណីខ្មែរយើងផងដែរ។ យើងចង់ចូលរួមថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ របស់យើងឱ្យបានគង់វង្ស។ ខ្ញុំមើលថា អ្វីដែលក្រុមហ៊ុនធ្វើ
នេះគឺថ្មីខុសប្លែកពីគេ។ ខ្ញុំគិតថា គម្រោងនេះនឹងមានការគាំទ្រច្រើន ពីសាធារណជនជាមិនខាន»៕ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 88888 11

http://image.freshnewsasia.com/2021/id-025/fn-2021-09-21-16-14-17-1.png