(អាមេរិក)៖ ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍មកថា កំពុងតែសំងំផលិតស្មាតហ្វូនថ្មីដែលជាប្រភេទ Foldable ឬស្មាតហ្វូនអេក្រង់បត់ ដែលគ្រោងនឹងបង្ហាញនៅក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតទាក់ទងនឹងស្មាតហ្វូននេះឡើយ។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមប្រភព The Verge និង 9to5Google បានបញ្ជាក់ថា ស្មាតហ្វូនថ្មីដែលជាប្រភេទ Foldable របស់ Google នេះមានឈ្មោះថា «Jumbojack» ហើយនេះជាដំណឹងទី២ហើយទាក់ទងនឹងស្មាតហ្វូនអេក្រង់បត់របស់ Google ដោយនៅមុននេះមាន ព័ត៌មាន ចេញផ្សាយថា Google បានកំពុងអភិវឌ្ឍន៍ស្មាតហ្វូនអេក្រង់បត់ឈ្មោះ «Passport»

ប្រភពខាងលើទាំងពីរបានបញ្ជាក់ថា «Jumbojack» និង «Passport» គឺជាគម្រោងស្មាតហ្វូនអេក្រង់បត់ពីរផ្សេងគ្នារបស់ Google ប៉ុន្តែគេមិនបាន ដឹងថា Google នឹងប្រកាសបង្ហាញវាឱ្យពិតប្រាកដនៅពេលណានោះទេ ខណៈដែលប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា «Jumbojack» និង «Passport» គឺមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនអេក្រង់បត់ របស់ ក្រុមហ៊ុន Samsung។

គួរបញ្ជាក់ផងដែរថា ពីរឆ្នាំចុងក្រោយនេះគឺជាយុគសម័យនៃស្មាតហ្វូនអេក្រង់បត់ ដោយមានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានចាប់អារម្មណ៍ លើ គម្រោងស្មាតហ្វូនអេក្រង់បត់ និងបានផលិតដាក់លក់នៅលើទីផ្សារទៀតផង សូម្បីតែ Apple ក៏មានព័ត៌មានចង់ផលិតស្មាតហ្វូនអេក្រង់បត់នេះដែរ៕