(អាមេរិក)៖ កំពូលតារាសម្តែងហូលីវូដ និងជាម្ចាស់ពានរង្វាន់អូស្ការ លោកស្រី Angelina Jolie នាពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា លោកស្រីមានគម្រោងត្រឡប់មកប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ខាងមុខ ដើម្បីសម្ពោធកម្មវិធីចិញ្ចឹមសត្វឃ្មុំសម្រាប់ស្ត្រី (Woman for Bee) ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង់ ដែល ផ្ទះរបស់លោកស្រីក៏នៅក្នុងខេត្តនេះផងដែរ។

តារាស្រីវ័យ៤៦ឆ្នាំរូបនេះ បានផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី People កាលពីពេលថ្មីៗនេះយ៉ាងដូច្នេះថា «យើងនឹងធ្វើការងារបន្ថែមជាមួយអង្គការយូណេស្កូ ដើម្បីសិក្សាស្វែងយល់ពីរបៀបធ្វើការ ជាមួយបណ្តាប្រទេសនានា ហើយការបណ្តុះបណ្តាលបន្តបន្ទាប់ទៀត នឹងត្រូវធ្វើឡើងនៅផ្ទះរបស់ខ្ញុំ គឺនៅស្រុកសំឡូត ប្រទេសកម្ពុជា»

ក្រោយបង្ហាញអំពីគម្រោងនេះហើយ លោកស្រី Angelina Jolie មានគម្រោងហ្វឹកហាត់ដល់ស្ត្រីកម្ពុជា តាមរយៈកម្មវិធី ចិញ្ចឹមសត្វឃ្មុំសម្រាប់ស្ត្រី (Woman for Bee) ពីរបៀបនៃការចិញ្ចឹមសត្វឃ្មុំ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

គួរជម្រាបថា កំពូលតារាហូលីវូដ Angelina Jolie ទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥ និងមានផ្ទះមួយក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង។ លោកស្រី ក៏បានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹម តាំងពីកុមាររូបនោះមានវ័យ៧ខែ ពីមជ្ឈមណ្ឌលកុមារកំព្រា ខណៈបច្ចុប្បន្ន Maddox មានវ័យ២០ឆ្នាំហើយ៕