(ភ្នំពេញ)៖ កម្ពុជាគ្រោងប្រើរយៈពេលប្រមាណ ២ ទៅ ៣ខែ ដើម្បីដំណើរការរៀបចំពិធីរត់ភ្លើងគប់ ឆ្លងកាត់បណ្ដាប្រទេសអាស៊ាន និងជុំវិញបឹងទន្លេសាប រហូតដល់ពិធីបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

លោកបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ដើម្បីពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់ ដែលធ្វើឡើងក្រោមអធីបតិភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងមានការចូលរួមពីលោករដ្ឋមន្ដ្រី ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC រួមទាំងថ្នាក់ដឹកនាំ និងសមាជិកជាច្រើនទៀតនៅថ្ងៃទី២១ ខែកញ្ញានេះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាពិធីដ៏សំខាន់ក្នុងនាមម្ចាស់ផ្ទះដែលត្រូវបានយកចិត្តទុកដាក់ ហើយសម្ដេចបានធ្វើការវាយតម្លៃខ្ពស់ទៅលើគ្រោងឆ្អឹងនៃដំណើររៀបចំពិធីបើក-បិទ ក៏ដូចព្រះរាជាពិធីសុំភ្លើងអាទិទេព ដែលគ្រោងនឹងធ្វើឡើងនៅប្រាសាទអង្គរវត្ត មុនបន្ដដល់ការរៀបចំពិធីរត់ភ្លើងគប់ ដើម្បីផ្សព្វផ្សាយ និងអបអរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា ដល់បណ្ដាប្រទេសសមាជិកអាស៊ាន។

ប្រធានគណៈកម្មការបើក-បិទខាងលើបន្ដថា «ពិធីរត់ភ្លើងគប់ យើងមានពិធីសុំភ្លើងអាទិទេពនៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកនឹងមានរៀបចំដង្ហែភ្លើងគប់ទៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ហើយក្រោយរត់ឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍រួច ទើបយើងរៀបចំពិធីរត់ភ្លើងគប់នេះនៅជុំវិញបឹងទន្លេសាប។ ចឹងកម្មវិធីនេះចាប់ពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២៣ គឺធ្វើរហូត រហូតដល់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង»

ផ្អែកលើកម្មវិធីនេះមានន័យថា កម្ពុជាអាចប្រើពេលប្រមាណ ២ ទៅ ៣ខែ ដើម្បីដំណើរការរត់ភ្លើងគប់ពីប្រទេសមួយទៅប្រទេសមួយ មុនត្រឡប់មកកម្ពុជា ហើយរត់ជុំវិញបឹងទន្លេសាប រហូតដល់ពិធីបើកការប្រកួតស៊ីហ្គេមជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលគ្រោងធ្វើឡើងនាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ដូច្នេះការងារនេះត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញឲ្យពង្រឹងការយកចិត្តទុកដាក់ និងចងក្រងជាកូនសៀវភៅមួយ ដើម្បីងាយស្រួល់ភាគីពាក់ព័ន្ធយកទៅអនុវត្ត។ លោក វ៉ាត់ ចំរើន បន្ថែម៕