(បាសា)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Gulf Cup ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូខាងមុខ ក្នុងទីក្រុង Basra ប្រទេសអ៊ីរ៉ាក់នោះ ត្រូវបានពន្យារពេល ១ឆ្នាំ ដោយសារតែកកស្ទះប្រតិទិនប្រកួត។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

ការប្រកួតដែលមានក្រុមខ្លាំងមកពីប្រទេសទាំង៨ នៅតំបន់ឈូងសមុទ្រ Gulf នោះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែធ្នូ ដល់ថ្ងៃទី០៧ ខែមករាខាងមុខ ប៉ុន្តែនឹងប្តូរទៅធ្វើឡើងនៅក្នុងខែមករា ឆ្នាំ២០២៣ ជំនួសវិញ។

ការសម្រេចចិត្តនេះត្រូវបានប្រកាស បន្ទាប់ពីមានកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាប្រតិបត្តិរបស់សហព័ន្ធបាល់ទាត់ឈូងសមុទ្រអារ៉ាប់ Gulf (Arabian Gulf Cup Football Federation) កាលពីថ្ងៃចន្ទ។

ម្ចាស់ពានរង្វាន់លីគ Gulf Cup ៣លើក គឺក្រុមអារ៉ាប៊ីសាអូឌីត ព្រមទាំងក្រុមសហព័ន្ធអារ៉ាប់រួម, អ៊ីរ៉ាក់ និងអូម៉ង់ បានពាក់ព័ន្ធក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៃការប្រកួតបឋមរបស់តំបន់អាស៊ីសម្រាប់ឈានដល់ ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ឆ្នាំក្រោយនៅប្រទេសកាតា។

អារ៉ាប៊ីសាអូឌីត, កាតា, បារ៉ែន, អូម៉ង់, អ៊ីរ៉ាក់ និងសហព័ន្ធអារ៉ាប់រួម គ្រោងនឹងចូលរួមប្រកួតក្នុងការសម្ពោធលីគ FIFA Arab Cup នៅទីក្រុង Doha របស់កាតា ក្នុងខែវិច្ឆិកា និងខែធ្នូខាងមុខ។

សូមរំលឹកថា ក្រុមបារ៉ែន បាននឹងកំពុងកាន់ពានរង្វាន់ជើងឯក Gulf Cup របស់ខ្លួន ក្រោយពីយកឈ្នះក្រុមអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតផ្តាច់ព្រ័ត្រឆ្នាំ២០១៩ នៅទីក្រុង Doha ដែលជាជ័យជំនះពាន់រង្វាន់នេះជាលើកដំបូង៕