(ប៊ូដាប៉េស)៖ ក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី ត្រូវតែប្រកួតក្នុងវគ្គជម្រុះ World Cup នៅពេលខាងមុខ របស់ពួកគេ នៅពីក្រោយការបិទទ្វារ (គ្មានអ្នកគាំទ្រ) បន្ទាប់ពី FIFA បានដាក់ការហាមឃាត់លើអ្នកគាំទ្រ និងបានពិន័យប្រាក់២០០,០០០ហ្វ្រង់ស្វីស (២១៧,០០០ដុល្លារ) បន្ទាប់ពីមានឧបត្តិហេតុរើសអើងពូជសាសន៍ ក្នុងការប្រកួតនៅខែនេះ តទល់នឹងក្រុមអង់គ្លេស, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។

FIFA បានលើកឡើងថា ទណ្ឌកម្ម, រួមបញ្ចូលទាំងការប្រកួតបន្ថែមទៀត នៅពីក្រោយការបិទទ្វារ ដែលត្រូវបានផ្អាកនោះ, ត្រូវបានដាក់លើសហព័ន្ធបាល់ទាត់ហុងគ្រី ដែលជាប់ពាក់ព័ន្ធនឹង អាកប្បកិរិយារើសអើងពូជសាសន៍ របស់អ្នកគាំទ្រមួយចំនួន នៅអំឡុងពេលនៃការប្រកួត នាពហុកីឡដ្ឋាន Puskas Arena ស្ថិតក្នុងរដ្ឋធានី Budapest ជាទីកន្លែងដែលក្រុមអង់គ្លេស បានឈ្នះ៤-០។

បន្ទាប់ពីការវិភាគ... គ្រប់កាលៈទេសៈនៃករណី ជាពិសេសភាពធ្ងន់ធ្ងរនៃឧបត្តិហេតុ (ពាក្យនិងសកម្មភាពប្រកាន់ពូជសាសន៍, ការគប់វត្ថុ, ការបាញ់កាំជ្រួច, ការបិទកាំជណ្តើរ) គណៈកម្មាធិការវិន័យ បានសំរេចថា សហព័ន្ធបាល់ទាត់ហុងគ្រី ត្រូវធ្វើការប្រកួតចំនួន២លើកខាងមុខ នៅក្នុងការប្រកួតរបស់ FIFA ត្រូវធ្វើដោយគ្មានអ្នកទស្សនា, ការប្រកួតលើកទី២ ត្រូវបានផ្អាករយៈពេល២ឆ្នាំ», នេះបើតាមសេចក្តីថ្លែងការណ៍ របស់ FIFA ។

គួរជម្រាបថា ការប្រកួតវគ្គជម្រុះ World Cup នាពេលខាងមុខរបស់ក្រុមហុងគ្រី គឺត្រូវជួបជាមួយក្រុមអាល់បានី នៅថ្ងៃទី៩ ខែតុលា។

ហុងគ្រី ក៏នឹងត្រូវលេង ក្នុងការប្រកួតចំនួន២លើកខាងមុខ ក្នុងលីគ UEFA នៅពីក្រោយការបិទទ្វារផងដែរ បន្ទាប់ពីមានទណ្ឌកម្មពី UEFA ពាក់ព័ន្ធនឹង «ឥរិយាបថរើសអើង» ដោយអ្នកគាំទ្រ ដែលត្រូវបានដាក់ ក្នុងខែកក្កដា បន្ទាប់ពីឧបត្តិហេតុបានកើតឡើង នៅអំឡុងពេលការប្រកួត Euro 2020 របស់ពួកគេ នៅឯពហុកីឡដ្ឋាន៕