(ម៉ូនិច)៖ ខ្សែបម្រើស្លាបរបស់ក្លិប Bayern Munich កីឡាករ Serge Gnabry បានអវត្តមានការហ្វឹកហាត់នៅអង្គារ ដោយសារជំងឺគ្រុនផ្តាសាយ ខណៈខ្សែបម្រើប្រយុទ្ធ Jamal Musiala នៅតែបន្តអវត្តមាន បន្ទាប់ពីបានកាត់ចេញពីការហ្វឹកហាត់ ១ថ្ងៃមុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

កីឡាករសញ្ជាតិអាល្លឺម៉ង់ Gnabry ដែលបានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ក្នុងការប្រកួត ៥លើកគិតមកទល់ពេលនេះនៅក្នុងលីគនោះ គឺជាកីឡាករ Bayern ថ្មីចុងក្រោយគេដែលបានអវត្តមានពីសកម្មភាព។

ជាមួយគ្នានោះ កីឡាករ Musiala ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានរបួសកជើង បន្ទាប់ពីដកខ្លួនចេញពីការហ្វឹកហាត់កាលពីថ្ងៃចន្ទ។

អ្នកចាំទី Sven Ulreich ក៏ត្រូវដកខ្លួនចេញផងដែរ ដោយសាររបួសជង្គង់ ហើយនឹងត្រូវសម្រាកមួយរយៈ។

ក្លិប Bayern ក៏នឹងគ្មានវត្តមានខ្សែបម្រើស្លាប Kingsley Coman ផងដែរ ដែលលោកបានទទួលការវះកាត់បេះដូងខ្នាតតូចកាលពីសប្តាហ៍មុន រួមនឹងកីឡាករខ្សែបម្រើ Corentin Tolisso ទៀតផង។

ក្រុមម្ចាស់ពានរង្វាន់ជើងឯកអាល្លឺម៉ង់មួយនេះបានទទួលការចាប់អារម្មណ៍នៅរដូវកាលនេះ ដោយនាំមុខក្នុងការប្រកួតនៅលីគ Bundesliga ស្របពេលដែលបានឈ្នះការប្រកួតបើកឆាកក្នុង UEFA Champions League របស់ពួកគេ ៣-០ លើក្រុមម្ចាស់ផ្ទះ FC Barcelona។

ក្រុម Bayern នឹងជួបជាមួយក្រុមទើបឡើងថ្មី Greuther Fuerth ក្នុងលីគ Bundesliga នាថ្ងៃសុក្រ មុនពេលធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Dynamo Kyiv ក្នុងលីគ Champions League នៅសប្តាហ៍ក្រោយ៕