(នីយ៉ុង)៖ កីឡាករ Robert Lewandowski ខ្សែប្រយុទ្ធក្លិប FC Bayern München របស់អាល្លឺម៉ង់ បានឈ្នះស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប នៅឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លីគកំពូលអាល្លឺម៉ង់ Bundesliga, Facebook របស់ក្លិប និងកីឡាកររូបនេះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

Robert Lewandowski បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណដល់គ្រួសារខ្ញុំ មិត្តរួមក្រុម គ្រូបង្វឹក និងក្រុម FC Bayern München ទាំងមូល។ ការឈ្នះពានរង្វាន់នេះ នឹងមិនអាចទៅរួចទេបើគ្មានការគាំទ្រពីអ្នក»

កីឡាករវ័យ ៣៣ឆ្នាំ សញ្ជាតិប៉ូឡូញបានបន្តថា «នៅក្នុងកីឡាដូចជានៅក្នុងជីវិតដែរ អ្វីដែលសំខាន់ គឺការគោរពអ្នកដទៃ ការសហការ និងការលេងដោយយុត្តិធម៌ មិនថាអ្នកធ្វើអ្វីក៏ដោយ។ ខ្ញុំចែករំលែកពានរង្វាន់នេះដល់អ្នកទាំងអស់គ្នាដែលបាននៅក្បែរខ្ញុំ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះអ្វីដែលយើងសម្រេចបានរួមគ្នាជាក្រុម»

សូមបញ្ជាក់ថា មូលហេតុដែល Robert Lewandowski ទទួលបានស្បែកជើងមាស ប្រចាំទ្វីបអឺរ៉ុបជាលើកដំបូងនេះ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៤១គ្រាប់ ក្នុងលីគកំពូលអាល្លឺម៉ង់ សម្រាប់ឆ្នាំ២០២០-២១៕