(អាមេរិក)៖ ក្រុមហ៊ុន Facebook បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារម្សិលមិញនេះថា ខ្លួនបានចំណាយលុយប្រមាណជា ១៣ពាន់លានដុល្លារអាមេរិកលើវិធានការសុវត្ថិភាព និងសន្តិសុខចាប់តាំងពីឆ្នាំ ២០១៦មក ដែលសេចក្ដីថ្លែងការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីមានកាសែតមួយបានរាយការណ៍មកថា Facebook បានបរាជ័យក្នុងការជួសជុល «ផលប៉ះពាល់ដ៏អាក្រក់» ដែលកើតមានចំពោះ បណ្ដាញសង្គម Facebook។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលនេះ Facebook មានក្រុម ការងារផ្នែកសុវត្ថិភាព និងសន្តិសុខរហូតដល់ជាង ៤ម៉ឺននាក់ ខណ:ដែលកាលពី ៥ឆ្នាំមុនមានត្រឹមតែ ១ម៉ឺននាក់ប៉ុណ្ណោះ ហើយគ្រោងនឹង ពង្រីកបន្ថែមទៀតដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនអ្នកប្រើប្រាស់។

កាសែត Wall Street Journal បានចេញផ្សាយកាលពីសប្ដាហ៍មុនថា Facebook មានភាពអន់ខ្សោយក្នុងការគ្រប់គ្រង់ទៅលើប្រព័ន្ធ សុវត្ថិភាពអ្នកប្រើប្រាស់បណ្ដាញសង្គម Instagram ហើយក៏មានភាពយឺតយ៉ាវក្នុងការផ្ដល់ព័ត៌មានទៅកាន់ បុគ្គលិក ឬរដ្ឋាភិបាល នៃ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់មួយចំនួន ដូចជាការជួញដូរមនុស្សជាដើម។

ក្រុមហ៊ុន Facebook បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួនបានទប់ស្កាត់ការបង្កើតគណនីក្លែងក្លាយប្រមាណជា ៣ពាន់លានគណនីគិតត្រឹមឆមាសទី១ឆ្នាំនេះ និងបានលុបខ្លឹមសារក្លែងក្លាយ ពាក់ព័ន្ធនឹងកូវីដ១៩ និងវ៉ាក់សាំងកូវីដ១៩ ជាង ២០លានផុស។

ចំណែកមាតិកាដែលខុសច្បាប់ ឬខុសពីគោលការណ៍ គឺនៅពេលនេះត្រូវបាន AI ធ្វើការលុបចោលបានច្រើនជាង ១៥ដង បើធៀបទៅនឹងកាលពីឆ្នាំ២០១៧ ជាពិសេសផុសដែលបង្ហាញពីសកម្មភាពរើសអើង និងស្អប់ខ្ពើម៕