(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានប្រកាសថាខ្លួននឹងទិញយកអគារការិយាល័យមួយនៅក្នុងទីក្រុងញូវយ៉ក ក្នុង តម្លៃ ២,១ពាន់លានដុល្លារអាមេរិក បោះទោះបីជាក្រុមការងារ ឬបុគ្គលិកដែលបម្រើការងារនៅក្នុងទីក្រុងមួយនេះមិនសូវជាមានច្រើនក្ដី។ នេះ បើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

គម្រោងនៃការទិញអគារនេះត្រូវបានគេមើលឃើថា គឺមានតម្លៃខ្ពស់បំផុតសម្រាប់អគារការិយាល័យនៅក្នុងទឹកដីសហរដ្ឋអាមេរិកចាប់តាំងពី កូវីដ១៩ បានផ្ទុះ និងរីករាលដាលមក ខណៈដែលបច្ចុប្បន្នក្រុមហ៊ុន Google បានជួលអគារមួយរួចហើយនៅក្នុងទីក្រុងមួយនេះ។

នៅមុននេះមានសារព័ត៌មានជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុន Google គ្រោងទិញអគារ St. John’s Terminal building ស្ថិតក្នុង តំបន់ West Houston Street ក្នុងតម្លៃ ២,១ពាន់លានដុល្លារ នាឆ្នាំក្រោយ និងនៅពេលនេះ Google បានបញ្ជាក់ជាផ្លូវការថាពិតជាមានគម្រោង ទិញ យកអគារការិយាល័យមួយពិតមែន។

ថ្មីៗនេះក្រុមហ៊ុន Google បានបោះទុនប្រមាណ ២៥០លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងទីក្រុងញូវយ៉ក សម្រាប់ឆ្នាំនេះ ហើយក៏មានគម្រោងបើកការិយាល័យរបស់ខ្លួននៅតំបន់ 550 Washington St. នាពាក់កណ្ដាលឆ្នាំ២០២៣ផងដែរ។

គួរបញ្ជាក់ផងដែរថា ដោយសារតែវិបត្តិកូវីដ១៩ ក្រុមហ៊ុន Google បានអនុញ្ញាតឱ្យបុគ្គលិកមួយចំនួនបម្រើការងារតាមផ្ទះ ដោយតាមផែនការគឺ តម្រូវឱ្យចូលធ្វើការនៅការិយាល័យវិញនៅអំឡុងខែតុលានេះ ប៉ុន្តែដោយសារកូវីដ១៩ នៅតែបន្តរីករាលដាល បានធ្វើឱ្យ Google ពន្យារពេល រហូត ដល់ដើមឆ្នាំ២០២២ និងបានប្រកាសថា នឹងរៀបចំឱ្យមានបុគ្គលិកបម្រើការងារតាមផ្ទះប្រមាណជា ២០ភាគរយនៃបុគ្គលិកសរុប៕