(អង់គ្លេស)៖ ថ្មីៗនេះទស្សនាវដ្តី Time បានធ្វើការចេញផ្សាយនូវអត្ថបទមួយ បង្ហាញពីបុគ្គលល្បីៗទាំង១០០ ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២១នេះ។ ក្នុងចំណោមនោះ គេសង្កេតឃើញថា ក៏មានវត្តមានរបស់គូស្នេហ៍ព្រះអង្គម្ចាស់ Harry ផងដែរ ពោលគឺចាប់តាំងពីព្រះអង្គបានលាលែងពីគ្រួសាររាជវង្សមក គឺបានមកផលិតកម្មវិធីទូរទស្សន៍នានា ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។ បន្ថែមពីនេះ គឺមានវត្តមាន តារាចមៀង Billie Eilish និង Britney Spears ថែមទៀតផង។

ការជាប់ឈ្មោះក្នុងបញ្ជីបុគ្គល ដែលមានឥទ្ធិពលលើពិភពលោកនៅពេលនេះ គឺក្រោយពេលដែលព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan សម្រេចបោះបង់ចោលរាល់រាជកិច្ច ដើម្បីចាប់ផ្ដើមរស់នៅដោយឯករាជ្យ មិនពឹងផ្អែកលើព្រះរាជទ្រព្យ ដោយបានបង្កើតកម្មវិធីទូរទស្សន៍ និងមានការងារបែបឯករាជ្យជាច្រើនទៀតផងដែរ ដែលធ្វើឲ្យប្រជាប្រិយភាពរបស់អ្នកទាំងពីរកាន់តែល្បីល្បាញ និងមានឥទ្ធិពល។

យ៉ាងណាមិញ ងាកមកតារាចម្រៀងប៉ុបល្បីឈ្មោះរបស់អាមេរិក គឺ Britney Spears វិញ ត្រូវបានគេដឹងថា ជាលើកទី១ហើយ ដែលតារារូបនេះបានជាប់ឈ្មោះ ក្នុងចំណោមបុគ្គលដែលមានឥទ្ធិពលលើពិភពលោកបែបនេះ។ មូលហេតុដោយសារតែ មួយរយៈនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ចុះផ្សាយពីព័ត៌មានរបស់នាងជាបន្តបន្ទាប់ អំពីការស្នើសុំតុលារការ ក៏ដូចជា រឿងខិតខំរើបំរាស់ ពីការគ្រប់គ្រងរបស់ឪពុក ព្រោះតារាស្រី Britney Spears ស្ថិតក្រោមការគ្រប់គ្រងដោយអណាព្យាបាលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីនាងមានវិបត្តិផ្លូវចិត្តមក។

គួរជម្រាបថា ក្រៅពីបុគ្គលខាងលើ ក្នុងបញ្ជីបុគ្គលមានឥទ្ធិពលទាំង១០០ ក៏មានបញ្ចូលឈ្មោះតារាចម្រៀងវ័យក្មេង Billie Eilish (ប៊ីលលី អាយលីហ្ស), តួឯកស្រី “Titanic” Kate Winslet និងកីឡាករអូឡាំពិក Simone Biles (សាយម៉ុន ប៊ីឡេស) ផងដែរ៕