(ចិន)៖ ក្រុមហ៊ុន ByteDance ត្រូវបានគេរាយការណ៍មកថា បានត្រៀមនឹងដាក់បង្ហាញកម្មវិធីកម្សាន្តថ្មីមួយទៀត បន្ទាប់ពីទទួលបានជោគជ័យ ខ្លាំង ទៅលើកម្មវិធី TikTok ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពព័ត៌មានជាច្រើនបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន ByteDance គ្រោងដាក់ឱ្យដំណើរការកម្មវិធីកម្សាន្តមួយដែលផ្ដល់សេវាកម្មផ្នែកតន្ត្រី (Music Streaming Service) មានឈ្មោះថា Felio និងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងប្រទេសចិន ហើយគ្រោងនឹងពង្រីកទៅកាន់ទីផ្សារសកល នៅ ពេលក្រោយ។

កម្មវិធីកម្សាន្តថ្មីនេះនឹងត្រូវដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់ពីំសំណាក់លោក Alex Zhu អនុប្រធាន ក្រុមហ៊ុន ByteDance ព្រោះលោកគឺជា មនុស្ស មួយរូបដែលមានបទពិសោធន៍ច្រើនលើវិស័យមួយនេះ។

នៅមុននេះ ក៏មានព័ត៌មានលេចឮមកថា ក្រុមហ៊ុន ByteDance បានបង្កើតកម្មវិធីផ្ដល់សេវាកម្មផ្នែកតន្ត្រី (Music Streaming Service) មួយ សម្រាប់ដំណើរការនៅក្នុងប្រទេសឥណ្ឌាផងដែរ ដោយវាមានឈ្មោះថា Resso ប៉ុន្តែដំណឹងមួយនេះក៏ត្រូវបាន ស្ងប់ស្ងាត់ទៅវិញ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ TikTok បានយកឈ្នះកម្មវិធី YouTube ទៅលើការចំណាយពេលវេលាច្រើនបំផុតមួយក្នុងថ្ងៃ ក្នុងការមើល វីដេអូ ខណៈដែល TikTok នៅតែជាកម្មវិធីដែលមានការទាញយកច្រើនលំដាប់កំពូល ចាប់តាំងពីឆ្នាំ២០២០៕