(រីយ៉ូ)៖ អភិបាលក្រុង Rio de Janeiro លោក Eduardo Paes បានអះអាងកាលពីថ្ងៃអង្គារថា ទីក្រុងរបស់ប្រេស៊ីលមួយនេះ បានបង្ហាញចំណាប់អារម្មណ៍ជាផ្លូវការ នៅក្នុងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ FIFA Club World Cup នៅក្នុងឆ្នាំនេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅក្នុងវីដេអូផ្សាយផ្ទាល់ លើប្រព័ន្ធទំនាក់ទំនងសង្គម, លោក Paes បានលើកឡើងថា លោកបានសម្រេចចិត្តបែបនេះ បន្ទាប់ពីជប៉ុន បានបោះបង់សិទ្ធ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ដោយសារតែព្រួយបារម្ភ ពីការរីករាលដាលនៃជំងឺ COVID-19។

«យើងបាននឹងកំពុងធ្វើការ លើការងារនេះ, វាគឺជាបំណងរបស់ទីក្រុងរីយ៉ូ។ ខ្ញុំកំពុងជជែកជាមួយសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) និងជាមួយមន្ត្រីផ្សេងទៀត ដើម្បីពិនិត្យមើលលើអ្វី ដែលយើងអាចធ្វើបាន», នេះបើតាមសម្តីលោក Paes។

លោកអភិបាលក្រុងបន្ថែមថា «យើងមានទំនាក់ទំនងមួយចំនួន, មានទំនាក់ទំនងជាមួយ FIFA ។ វាមិនសាមញ្ញទេ។ វាហាក់បីដូចជាមានឱកាស ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅតំបន់អាស៊ី។ វាត្រូវតែមានអ្វី ដែលត្រូវធ្វើជាមួយអ្នកឧបត្ថម្ភឯកជន។ ខ្ញុំមិនមែនជាអ្នកជំនាញ លើកិច្ចការនេះទេ ប៉ុន្តែយើងកំពុងព្យាយាមធ្វើឱ្យវាកើតឡើង»

ព្រឹតិ្តការណ៍ប្រកួតប្រចាំឆ្នាំ នៅក្នុងឆ្នាំនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែធ្នូ។

ព្រឹត្តិការណ៍នេះ ធ្លាប់បានធ្វើឡើងម្តងគត់ នៅទីក្រុងរីយ៉ូ នៅពេលសម្ពោធចាប់ផ្តើមក្នុងឆ្នាំ២០០០, នៅពេលដែលក្រុម Corinthians យកឈ្នះលើក្រុម Vasco da Gama ក្នុងការស៊ុតបាល់ប៉េណាល់ទី នាពហុកីឡដ្ឋាន Maracana៕