(ឡុងដ៍)៖ ក្រុមអ្នកគាំទ្រ នឹងត្រូវបានអនុញ្ញាតឲ្យឈរ នៅទីលានប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស Premier League និង Championship ដែលត្រូវបានគេជម្រើសរើស រាប់ចាប់ពីឆ្នាំក្រោយទៅ ដោយវាជាផ្នែកមួយ នៃកម្មវិធីសាកល្បង, នេះបើតាមការឲ្យដឹង ពីអាជ្ញាធរសុវត្ថិភាពទីលានកីឡា (SGSA) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។

តំបន់ឈរប្រកបដោយសុវត្ថិភាព ត្រូវបានកំណត់ឲ្យដំណើរការសាកល្បង ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំក្រោយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានណែនាំឲ្យ SGSA ចាប់ផ្តើមជំហានដំបូង ក្នុងការបង្កើតតំបន់ឈរ ដែលមានអាជ្ញាប័ណ្ណ នៅឯទីលានប្រកួត។

ការណែនាំឲ្យមានតំបន់ឈរនេះ នឹងមានន័យថា ជាការបញ្ចប់ការហាមឃាត់ លើការឈររបស់អ្នកគាំទ្រ នៅលីគកំពូលរបស់អង់គ្លេសនេះ ដែលបានដាក់ចេញ កាលពីជាង២៥ឆ្នាំមុន។ តំបន់ឈរបែបនេះ ត្រូវបានហាមឃាត់ដោយច្បាប់ បន្ទាប់ពីមានហេតុការណ៍ជាន់គ្នាស្លាប់ Hillsborough កាលពីឆ្នាំ១៩៨៩។

«យើងបានសម្រេចថា យើងនឹងធ្វើការជាមួយអ្នកគាំទ្រ និងក្លិប ដើម្បីដាក់ចេញនូវតំបន់ឈរ ដែលមានសុវត្ថិភាព នៅទីលានប្រកួតបាល់ទាត់», នេះបើតាមសម្តីរដ្ឋមន្ត្រីកីឡាអង់គ្លេស លោក Nigel Huddleston។

តំបន់ឈរដែលមានអាជ្ញាប័ណ្ណ ត្រូវតែមិនប៉ះពាល់ដល់ស្តង់ដារទស្សនា ឬក៏អ្នកគាំទ្រផ្សេងទៀត ក្នុងនោះរួមទាំងអ្នកគាំទ្រជាជនមានពិការភាពផងដែរ ស្ថិតក្នុងចំណោមវិធានការដទៃទៀត៕