(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានទទួល ៣ពិន្ទុពេញ ក្រោយបន្ដយកឈ្នះក្រុមណាហ្គាវើលដ៏ ក្នុងលទ្ធផល ២-១ ដើម្បីរក្សាកៅអីកំពូលតារាងបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ស្របពេលក្រុមនគរបាលជាតិ បានស្គាល់រសជាតិឈ្នះលើកដំបូងក្នុងរដូវកាលនេះ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវអាស៊ីអឺរ៉ុប ដោយលទ្ធផល ៤-៣ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ។

សម្រាប់គូជក់ចិត្ត នៅកីឡដ្ឋានស្ដាតចាស់ រវាងក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ និងព្រះខ័នរាជស្វាយរៀង វគ្គទី១ មិនមានការស៊ុតបញ្ចូលទីគ្នានោះទេ ពោលគឺរង់ចាំដល់វគ្គទី២ ទើបមានគ្រាប់បាល់កើតឡើង ដោយផ្ដើមពីការតែតបញ្ចូលទី ១គ្រាប់មុនពីសំណាក់ក្រុមភ្ញៀវ ដោយកីឡាករ Privat នៅនាទី៥៩ ។ បន្ទាប់មកទើបកីឡាករ Fumiya Kogure ទាត់ហ្វ្រីឃីតតាមស្នើឲ្យក្រុមលោក មាស ចាន់ណា វិញ នៅនាទី៧៤ ។

រយៈពេល ១៥នាទីចុងក្រោយ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង តែកីឡាករ Lopez Mendy បានបន្ថែមគ្រាប់ទី២ ឲ្យក្រុមព្រះខ័នរាជស្វាយរៀង ក្រោយទទួលការបញ្ជូនបាល់ដ៏ល្អពីប្អូនប្រុសរបស់ Privat គឺកីឡាករ Emmanuel នៅនាទី៨១ ដែលជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនេះតែម្ដង ។ រីឯក្រុមណាហ្គាវើលដ៏ បានត្រឹមខកចិត្តជាថ្មី ដ្បិតកាលពីជើងទី១ ពួកគេក៏បានចាញ់ព្រះខ័នរាជស្វាយរៀង ៣-១ ដែរ ។

ដោយឡែកក្រុមនគរបាលជាតិ បានស្គាល់ជ័យជម្នះលើកដំបូង ក្រោយសងសឹកក្រុមអាស៊ីអឺរ៉ុបបានវិញ ជាមួយលទ្ធផល ៤-៣ បន្ទាប់ពីរងបរាជ័យក្រៅដី ៣-២ កាលពីជើងទី១ ។ សម្រាប់គ្រាប់បាល់នាំឲ្យក្រុមនគរបាលជាតិ រកបាន ៣ពិន្ទុលើកដំបូង នៅទីលាន 7NG នេះ ធ្វើសម្រេចដោយកីឡាករ សំ វ៉ាន់និត, Baldwin Afanvi, នួន បូរី និង Otani Soma ម្នាក់ ១គ្រាប់ ។ រីឯ ៣គ្រាប់របស់អាស៊ីអឺរ៉ុប រកបានដោយ Omokafe, វង្ស វិសាល និង សាន ចំរ៉ុង ។

បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាង ដោយមាន ៣១ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៤ប្រកួតឈ្នះ ១០ ស្មើ១ និងចាញ់ ៣ ។ រីឯក្រុមណាហ្គាវើលដ៏ បន្ដឈរលេខ៤ និងមាន ២៨ពិន្ទុ ស្មើក្រុមវិសាខា និងភ្នំពេញក្រោន គ្រាន់តែក្រុមទាំងពីរនេះ នៅសល់ប្រកួតចំណេញក្នុងដៃ ១ប្រកួតដូចគ្នា ។ រីឯក្រុមនគរបាលជាតិវិញ បានរំកិលពីបាតតារាងទៅឈរលេខ១២ វិញ ដោយមាន ៧ពិន្ទុ ស្មើអគ្គិសនីកម្ពុជា ធ្វើឲ្យក្រុមសូលទីឡូអង្គរ ធ្លាក់មកឈរបាតារាងជាថ្មី ដ្បិតទើបរកបាន ៥ពិន្ទុប៉ុណ្ណោះ ៕