(មេនឆេស្ទើ)៖ West Ham United បានធ្វើការសងសឹកនៅពេលពួកគេចាញ់ Manchester United ២-១ នៅ Premier League កាលពីចុងសប្តាហ៍ តាមរយៈយកឈ្នះ ១-០ ដើម្បីឡើងទៅជុំទី៤ វគ្គ ១៦ក្រុមចុងក្រោយនៃពាន League Cup ជាបន្តទៀត។

កីឡាករ Ryan Fredricks ជាអ្នកបង្កើតឱកាសឲ្យ Manuel Lanzini រកបានគ្រាប់បំប៉ោងសំណាញ់ទីនាទីទី៩ តាំងពីដើមវគ្គទី១ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅទឹកដី Old Trafford ដើម្បីទម្លាក់ក្រុមរបស់លោក Ole Gunnar Solskjaer ចេញពីពានទី៣ អង់គ្លេសដ៏លឿនបំផុតបែបនេះ។

នេះជាគ្រាប់ទី១ ផងដែររបស់កីឡាករអាហ្សង់ទីន ក្រោយពេលខកខានរកគ្រាប់បាល់ ១២ខែមកនេះ និងជាការចូលលេងលើកទី២ ផងដែរគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ មកក្រោមការបង្វឹករបស់លោក David Moyes នៃក្លិបញញួរធំ West Ham United មួយនេះ។

វាក៏ជាជ័យជម្នះលើកទី១ ផងដែរនៅទឹកដី Old Trafford គិតចាប់តាំងអតីតខ្សែប្រយុទ្ធ Carlos Tevez ស៊ុតគ្រាប់ជ័យជម្នះឲ្យពួកគេនៅឆ្នាំ២០០៧ ដើម្បីរក្សាកៅអីលេងនៅ Premier League ជាបន្តទៀត និងក្នុងពាន Cup លើកដំបូងដែរ គិតចាប់តាំងពី Paolo di Canio រកបានគ្រាប់ជ័យជម្នះទៅលើបិសាចក្រហមកាលជួបគ្នានៅ FA Cup នាឆ្នាំ២០០១។

សម្រាប់ Manchester United ដែលស្ថិតក្រោមការបង្វឹករបស់លោក Ole Gunnar Solskjaer វិញ បានបញ្ចប់ក្នុងយុទ្ធនាការប្រជែង League Cup ដ៏លឿនបំផុតនារដូវកាលឆ្នាំ២០២១-២០២២ លើកដំបូង គិតចាប់តាំងពីបានឈ្នះពាននេះចុងក្រោយកាលឆ្នាំ២០១៧៕