(អាមេរិក)៖ ប្រធានផ្នែកបច្ចេកទេស (CTO) របស់ក្រុមហ៊ុន Facebook លោក Mike Schroepfer នឹងលាឈប់ពីតំណែង នៅឆ្នាំ២០២២ បន្ទាប់ ពីលោកបានបម្រើការងារ និងដឹកនាំផ្នែកបច្ចេកទេសនៅក្នុងបណ្ដាញសង្គមយក្សដ៏ល្បី និងធំជាងគេមួយនេះអស់រយៈពេល ១៣ឆ្នាំ។ នេះ បើយោង តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមហ៊ុន Facebook បានប្រកាសថា ត្បិតតែលោក Mike Schroepfer បានលាឈប់ពីតំណែង CTO មែន ប៉ុន្តែលោកនឹងក្លាយជា «សហការីជាន់ខ្ពស់» របស់ក្រុមហ៊ុនបន្ទាប់ពីលោកលាឈប់ ដោយលោកនឹងនៅបន្តជួយជ្រោមជ្រែង និងផ្ដួចផ្ដើមទៅលើការជ្រើសរើស អ្នក មាន សមត្ថភាព និងទេពកោសល្យខាងផ្នែកបច្ចេកទេស ដើម្បីយកទៅអភិវឌ្ឍន៍ផ្នែកបញ្ញាសិប្បនិម្មិត (AI) សម្រាប់ Facebook។

នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរថា លោក Andrew Bosworth បច្ចុប្បន្នជាប្រធានមន្ទីរពិសោធន៍របស់ Facebook ផ្នែកឧបករណ៍ VR និង AR នឹងក្លាយជា CTO របស់ Facebook ក្រោយពេលលោក Mike Schroepfer លាឈប់ជាផ្លូវការ។

លោក Mike Schroepfer បានបង្ហោះសារថា លោកពិតជាពិបាកក្នុងការសម្រេចចិត្តលាឈប់នេះណាស់ ព្រោះតែលោកស្រឡាញ់ការងាររបស់ លោក និងក្រុមហ៊ុន Facebook ខ្លាំងណាស់ ប៉ុន្តែលោកត្រូវតែលាឈប់ព្រោះលោកចង់មានពេលវេលាច្រើនសម្រាប់ក្រុមគ្រួសារ និងផ្ទាល់ខ្លួន ខណៈដែលកន្លងមកលោកពុំមានធ្វើវាសោះសម្រាប់គ្រួសារ ហើយលោកក៏អរគុណដល់ Facebook ដែលនៅតែផ្ដល់ទំនុកចិត្ត និងផ្ដល់ការងារ សំខាន់ៗដល់លោកសម្រាប់បន្តការងារដែលលោកស្រឡាញ់ និងចូលចិត្ត។

លោក Mark Zuckerberg មេធំរបស់ Facebook បានផ្ដល់កិត្តិយសខ្លាំងដល់លោក Mike Schroepfer និងបាននិយាយថា លោក Mike Schroepfer គឺបានដើរតួយ៉ាងសំខាន់ស្ទើរតែគ្រប់ផ្នែកនៃបណ្ដាញសង្គម Facebook ដោយមិនត្រឹមតែបំពេញការងាររបស់ខ្លួនបានល្អបំផុត ប៉ុណ្ណោះទេ ថែមទាំងបានជួយណែនាំ និងជំរុញឱ្យការងារនៅគ្រប់ផ្នែកដំណើរការទៅមុខបានយ៉ាងរលូនទៀតផង ហើយអ្វីដែលពិសេសនោះគឺលោក Mike Schroepfer គឺជាមនុស្សតែម្នាក់គត់ដែលបានរុញច្រានអាជីវកម្មរបស់ Facebook ឱ្យដល់កម្រិត សកលលោក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook មិនបានបញ្ជាក់ពីថ្ងៃកំណត់នៃការលាឈប់ពីតំណែងរបស់លោក Mike Schroepfer ដោយគ្រាន់តែ បញ្ជាក់ថា នឹងលាឈប់នៅឆ្នាំ២០២២ ប៉ុណ្ណោះ៕