(ភ្នំពេញ)៖ ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) តំណាងដោយលោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជា ថ្មីៗនេះ បានបន្តឧបត្តម្ភសម្ភារអេឡិចត្រូនិច ដើម្បីជួយសម្រួលក្នុងការរៀនអនឡាញរបស់សិស្សនៅតាមសាលាជនបទ និងទីដាច់ស្រយ៉ាលមួយចំនួន តាមរយៈគម្រោង «Together Narrowing Digital Gaps» របស់ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ DIS នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក សុវណ្ណ យ៉ាវ បានផ្តើមការថ្លែងសុន្ទរកថាដោយលើកសរសើរអំពីអរិយធម៌ដ៏អស្ចារ្យរបស់កម្ពុជា តាំងពីសម័យអង្គរ ហើយលោកក៏បានបន្តរៀបរាប់ ខ្លះៗអំពីអាជីវកម្មធំៗ និងការរីកចម្រើនរបស់ក្រុមហ៊ុន ហួវៃ នៅកម្ពុជាក្នុងអំឡុងពេលប្រតិបត្តិការ២២ឆ្នាំកន្លងមកនេះ។ លោកបានបន្ថែមទៀតថា «ចាប់តាំងពីឆ្នាំ២០១៦ ក្រុមហ៊ុន ហួវៃ កម្ពុជាបានបណ្ដុះបណ្តាលនិស្សិតជាង១០០នាក់នៅក្នុងកម្មវិធីCSR របស់ខ្លួនឈ្មោះថា «គ្រាប់ពូជដើម្បីអនាគត» និងជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាថ្មីៗជាង ៣០ នាក់មកចូលរួមជាមួយក្រុមហ៊ុនជារៀងរាល់ឆ្នាំ»

លោក នាគ ចាន់ដារិទ្ធ ប្រធានដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ (DIS) និងជាប្រធានក្រុមនៃគម្រោង «Together Narrowing Digital Gaps» បានលើកឡើងថា គោលបំណងនៃការបង្កើតគម្រោងនេះឡើង គឺដើម្បីជួយជំរុញធ្វើយ៉ាងណាឲ្យសិស្សនៅតាមសាលាជនបទ និងសាលាដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជា ឱ្យមានលទ្ធភាពទទួលបានការអប់រំតាមរយៈការរៀនតាមអនឡាញ ដូចសិស្សនៅក្នុងទីក្រុងដែរ។

ម៉្យាងវិញទៀត លោក នាគ ចាន់ដារិទ្ធ យល់ឃើញថា ដោយសារតែបញ្ហាកូវីដបានធ្វើឱ្យវិស័យអប់រំស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ សាលារៀនទាំងអស់ត្រូវប្តូរមកបង្រៀនតាមអនឡាញ ប៉ុន្តែសាលាមួយចំនួននៅតាមជនបទ និងទីដាច់ស្រយាលបានជួបការលំបាកខ្លាំង ព្រោះមិនមានលទ្ធភាពក្នុងការបើកបង្រៀនអនឡាញដោយខ្វះនូវឧបករណ៍សម្ភារអេឡិចត្រូនិច និងមធ្យោបាយផ្សេងៗក្នុងការបង្កើតថ្នាក់បង្រៀនតាមបច្ចេកវិទ្យាអ៉ីនធឺណេត។

បើតាមលោក នាគ ចាន់ដារិទ្ធ បានបញ្ជាក់ថា ជំហានដំបូងនៃគម្រោង «Together Narrowing Digital Gaps» នេះ ក្រុមការងារបានចុះទៅជួយដល់សាលាពីររួចមកហើយ កាលដើមខែកុម្ភៈកន្លងទៅនេះ រួមមានសាលាចាន់ថ្នាល នៅក្នុងខេត្តកំពង់ស្ពឺ និងសាលាសុខអានសំរោង នៅតាមផ្លូវជាតិលេខ៣ ដែលមានចម្ងាយប្រហែល៥៤គីឡូពីភ្នំពេញ។

ជាចុងក្រោយ លោក នាគ ចាន់ដារិទ្ធ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហួវៃ ដែលបានសហការ និងបន្តឧបត្តម្ភក្នុងការជួយជម្រុញ ដល់ដំណើរការនៃគម្រោងនេះ ឱ្យបន្តទៅមុខទៀត។ តួយ៉ាង ក្រុមហ៊ុន ហួវៃ បានឧបត្តម្ភជាសម្ភារអេឡិចត្រូនិចដែលមានដូចជា កុំព្យូទ័រយួរដៃចំនួន៨ គ្រឿង និង Router ចំនួន៣គ្រឿង ដើម្បីជាជំនួយដល់សាលាដទៃទៀតនៅឯតំបន់ដាច់ស្រយាល ដើម្បីជួយជំរុញនិងដោះស្រាយវិបត្តិក្នុងវិស័យអប់រំ នៅតាមតំបន់ជនបទមួយចំនួនក្នុងប្រទេសកម្ពុជា និងជួយជម្រុញឱ្យសាលានៅតាមជនបទមានលទ្ធភាព បានសិក្សាតាមប្រព័ន្ធអនឡាញ៕