(ភ្នំពេញ)៖ ដើម្បីរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងបន្តរីករាលដាលក្នុងសហគមន៍នៃប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ធនាគារ ណុងហឹប នៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់ជូនសម្ភារមួយចំនួន ដល់ក្រសួងសុខាភិបាល តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក ក្រោមអធិបតីភាព លោកស្រីវេជ្ជ. យក់ សម្បត្តិ រដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល។

សម្ភារទាំងនោះ ដូចជា៖ ឧបករណ៍តេសកូវីដ១៩ (Rapid Test) ចំនួន១,២០០ម៉ាស់ (KN94) ចំនួន១០,០០០ម៉ាស់ អាល់កុលចំនួន ៩០០លីត្រ ថ្នាំដុសធ្មេញចំនួន ២,០០០ដប ច្រាស់ដុះធ្មេញចំនួន ១,០០០ ដើម សាប៊ូដុំចំនួន ១,៨០០ ដុំ ជេលសម្លាប់មេរោគចំនួន២៥០ ដប និងមី (ផលិតផលកូរ៉េ) ចំនួន ២,០០០ កញ្ចប់។

ធនាគារ ណុងហឹប មានមូលដ្ឋាន និងអាជីវកម្មធំជាងគេនៅប្រទេសកូរ៉េខាងត្បូង ហើយបានជ្រៀតចូលខ្លួនទៅក្រៅប្រទេស តាមរយៈសាខាបរទេសនៅសហរដ្ឋអាមេរិក និងវៀតណាម ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅមីយ៉ាន់ម៉ា និងកម្ពុជា ហើយការិយាល័យតំណាងនៅប្រទេសចិន និងឥណ្ឌា។

ណុងហឹប ហ្វាយនែន គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃធនាគារ ណុងហឹប ហើយបច្ចុប្បន្ន ណុងហឹប ហ្វាយនែន កំពុងធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ និងខេត្តចំនួន ១១គឺ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ កំពង់ធំ សៀមរាប ព្រៃវែង ស្វាយរៀង និងកំពង់ចាម ដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជា។

លើសពីនេះទៀត ណុងហឹប ហ្វាយនែន មិនត្រឹមតែផ្តល់នូវផលិតផលហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងកម្មវិធីជួយសង្គមជាច្រើនផងដែរ ក្នុងនោះរួមមាន ការបណ្តុះបណ្តាលកសិកម្ម ការបណ្តុះបណ្តាលការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ការវេចខ្ចប់ចំណីអាហារ និងសកម្មភាពសង្គមផ្សេងៗទៀត ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រជាជនកម្ពុជា ជាពិសេសក្នុងការចូលរួមយ៉ាងសកម្មក្នុងការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន៕