(អាមេរិក)៖ ផលិតកម្មចម្រៀងដ៏ធំលើពិភពលោក គឺ Universal Music Group (MUG) នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានប្រកាសឲ្យដឹងថា តម្លៃភាគហ៊ុនបានហក់ឡើងខ្ពស់ រហូតធ្វើឲ្យតម្លៃលើទីផ្សាររបស់ផលិតកម្មនេះ ហក់ឡើងដល់ប្រមាណ ៥៥ពាន់លានដុល្លារអាមេរិក ខណៈការហក់ឡើងតម្លៃហ៊ុននេះ គឺស្របពេលដែលផលិតកម្មខ្នាតយក្សមួយនេះ បានចុះឈ្មោះចូលក្នុងទីផ្សារភាគហ៊ុនជាផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ជាការកត់សម្គាល់ សម្រាប់ផលិតកម្មលំដាប់ពិភពលោក MUG គឺប្រភពចំណូលដ៏ធំមួយផ្នែក គឺទទួលបានតាមរយៈការលក់កម្មសិទ្ធបញ្ញាបទចម្រៀងល្បីៗជាច្រើន ត្បិតថាផលិតកម្មមួយនេះ មានតារាចម្រៀងល្បីៗមិនតិចនាក់នោះទេ ចូលជ្រកក្រោមទ្រនំ ក្នុងនោះមានដូចជា Lady Gaga, Taylor Swift, Billie Eilish, Adele និង Ariana Grande ជាដើម។ ជារួមនៅក្នុងថ្ងៃចូលផ្សារហ៊ុនជាផ្លូវការ ផលិតកម្ម MUG មានតម្លៃប្រមាណ៣០ដុល្លារក្នុងមួយហ៊ុន ដែលតម្លៃនេះ គឺខ្ពស់ជាងតម្លៃព្យាករណ៍ប្រមាណ ៣៦% ឯណោះ។

គួរជម្រាបថា MUG គឺជាក្រុមហ៊ុនផលិតកម្មតន្រ្តីដ៏ធំបំផុតលើពិភពលោក ដែលទទួលបានប្រាក់ចំណូលកើនឡើង រយៈពេល៦ឆ្នាំជាប់ៗគ្នា ទោះបីជាមានការផ្ទុះឡើងនូវវិបត្តិកូវីដ១៩ក្ដី។ ផលិតកម្មនេះ បានព្យាករណ៍ថានៅឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ខ្លួននឹងមានកំណើនយ៉ាងតិច១០%បន្ថែមទៀត៕