(ភ្នំពេញ)៖ ខណៈដែលតារាចម្រៀងល្បីៗជាច្រើនដួង កំពុងតែជួបប្រទះបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួន និងគ្រួសារផងនោះ ព្រោះតែរងនូវវិបត្តិនៃជំងឺកូវីដ-១៩ផ្ទុះឡើង ងាកមកមើលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ឯណេះវិញ បែរជាជះលុយរាប់ម៉ឺនដុល្លារ បើកក្រុមហ៊ុនមួយយ៉ាងធំ ហើយគ្រប់គ្រងដោយខ្លួនឯងផ្ទាល់បន្ថែមទៀត បន្ទាប់ពីការងារចេញបទចម្រៀង ក្នុងផលិតកម្ម Galaxy Navatra ហាក់ថមថយបន្តិច។ ក្រុមហ៊ុនដែលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើជាស្ថានិក និងជានាយកប្រតិបត្តិគ្រប់គ្រងផ្ទាល់នេះ មានឈ្មោះថា «ព្រាប សុវត្ថិ អ៉ីនវែសមែន» ដោយផ្ដោតសំខាន់លើវិស័យអចលនទ្រព្យ ខណៈក្រុមហ៊ុននេះ បានក្លាយជាជំនួញមួយ ដាច់ដោយឡែកពីការងារសិល្បៈ។

តារាចម្រៀងមានឈ្មោះល្បីរាប់ឆ្នាំ លោក ព្រាប សុវត្ថិ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកថ្ងៃនេះថា ក្រុមហ៊ុនដែលលោកបើកដំណើរការនេះ គឺលោកបានបើកយូរមកហើយ ដោយគ្រាន់លោកមិនសូវ យកចិត្តទុកដាក់មើលការខុសត្រូវ ព្រោះមិនទាន់មានឱកាស និងជាប់ដៃរវល់តែការងារចម្រៀង។ ទើបតែពេលនេះ លោកហាក់ដូចជារយាលពីការងារសិល្បៈ ទើបងាកមកពង្រឹងឡើងវិញ និងរៀបចំឲ្យល្អប្រសើរជាងមុន។ លោកបន្តថា «ព្រាប សុវត្ថិ អ៉ីនវែសមែន» គឺក្ដោបក្ដាប់លើការងារផ្នែកអចលនទ្រព្យរបស់ខ្លួនឯងផង និងដើរតួនាទីជា Agancy ផង ព្រោះរូបលោកមានគម្រោង និងទីតាំងដីជាច្រើនកន្លែង ដែលត្រូវវិនិយោគតាមរយៈក្រុមហ៊ុននេះ។

លោក ព្រាប សុវត្ថិ បានបន្តទៀតថា ប៉ុន្តែបច្ចុប្បន្ននេះ គឺយើងរៀបចំគម្រោងរបស់ខ្លូនឯងផ្ទាល់សិន មុននឹងឈានដល់ការងារធ្វើជា Agancy និងបើកកិច្ចសហការជាមួយក្រុមហ៊ុនផ្សេង។ លោកថា សម្រាប់ក្រុមហ៊ុនរបស់លោក គឺមានច្រើនទីតាំងដីកន្លែង ដែលត្រូវបានសិក្សា និងធ្វើការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ហើយដើម្បីឲ្យមានគោលដៅច្បាស់លាស់ ជំហររឹងមាំ និងយុទ្ធសាស្រ្តត្រឹមត្រូវ ទើបលោកសម្រេចប្រកាស ជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ។ ទោះបីជាយ៉ាងណា តារាចម្រៀង ព្រាប សុវត្ថិ មិនបានប្រាប់លំអិតលើគម្រោងទុនវិនិយោគបើកក្រុមហ៊ុននេះទេ ដោយលោកគ្រាន់តែបង្ហើបយ៉ាងខ្លីថា «អស់ច្រើនគួរសម»

តារាចម្រៀងដែលនៅតែក្ដោបក្ដាប់ប្រជាប្រិយភាពពេញដៃ ព្រាប សុវត្ថិ បានអះអាងថា ក្រុមហ៊ុន «ព្រាប សុវត្ថិ អ៉ីនវែសមែន» មិនបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះទេ ពោលគឺគ្រាន់តែទទួលបានគោលការណ៍ ណែនាំបន្ថែមពីយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំទៀតផង។ លោកថា ការងារគ្រប់គ្របក្រុមហ៊ុនផ្ទាល់ខ្លួននេះ គឺពុំមានផលប៉ះពាល់ដល់វិស័យសចម្រៀងរបស់លោក ក្នុងផលិតកម្ម Galaxy Navatra នោះទេ ពោលគឺដាច់ដោយឡែកពីគ្នា ហើយក៏ជាសារមួយសម្រាប់ដល់អ្នកសិល្បៈគ្រប់រូប គួរតែមានជំនួញរកស៉ីរឹងមាំផ្សេងមួយ ក្រៅពីការងារសិល្បៈ។

លោក ព្រាប សុវត្ថិ បានបង្ហើបបន្តទៀតថា ក្រុមហ៊ុន «ព្រាប សុវត្ថិ អ៊ិនវេសមែន» គឺជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យធំមួយ។ ក្រុមហ៊ុនបើកដំណើរការយូរមកហើយ ប៉ុន្តែថ្មីៗនេះ លោកទើបនឹងធ្វើការផ្សព្វផ្សាយកាន់តែធំ ខណៈ ទីតាំង គឺសិ្ថតតាមបណ្ដោយផ្លូវ៤២ ជិតវត្តបែកចាន។ បច្ចុប្បន្នលោកកំពុងសិក្សា វិនិយោគលើគម្រោងមួយចំនួន ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤២នេះតែម្ដង៕