(អាមេរិក)៖ ពិភពនៃស្មាតហ្វូនបានចាប់ផ្ដើមផ្លាស់ប្ដូរក្រោយពេលដែល Apple ប្រកាសបង្ហាញ iPhone ដំបូងបំផុតកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៧ ដោយ iPhone ទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ។

ដោយឡែកនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សារព័ត៌មាន Phone Arena បានចេញផ្សាយថា មាន iPhone ប្រមាណជាង ២ពាន់លានគ្រឿង ហើយ ដែលបានលក់នៅលើទីផ្សារ ដែលវាជាកំណត់ត្រាថ្មីសម្រាប់ Apple និងសម្រាប់ ទីផ្សារស្មាតហ្វូនផងដែរ។

កាលពីខែកក្កដា ឆ្នាំ២០១៦ ក្រុមហ៊ុន Apple បានរៀបចំពិធីអបអរសាទរមួយ បន្ទាប់ពីទទួលបានជោគជ័យនៅលើទីផ្សារស្មាតហ្វូន និងលក់ iPhone បានរហូតដល់ ១ពាន់លានគ្រឿង ដោយឡែកនៅពេលនេះ ក្រុមហ៊ុន Apple មិនទាន់បានប្រកាសជាផ្លូវការនោះទេ ពីតួលេខនៃការ លក់ iPhone សរុបពិតប្រាកដ ប៉ុន្តែស្ថាប័នស្រាវជ្រាវ និងសារព័ត៌មាន 9to5Mac បានចេញផ្សាយដោយអះអាងថានៅពេលនេះមាន iPhone ចំនួនជាង ២ពាន់លានគ្រឿងត្រូវបានលក់នៅលើទីផ្សារ។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ 9to5Mac បានបង្ហាញឱ្យដឹងថា ក្នុងចំណោម iPhone ទាំងជាង ២ពាន់លានគ្រឿងនោះគឺមាន ជាង ១ពាន់លានគ្រឿងប៉ុណ្ណោះដែលកំពុងដំណើរការ ក្រៅពីនេះគឺវាបានខូច និងត្រូវបានគេបោះបង់ចោលអស់ហើយ ហើយចំនួន iPhone ដែលកំពុងតែដំណើរការនេះគឺស្មើនឹង ២៦ភាគរយនៃស្មាតហ្វូនសរុបនៅទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញ iPhone 13 ដែលជា iPhone ជំនាន់ថ្មីជាផ្លូវការ ខណៈដែលប្រភពព័ត៌មានជាច្រើន បានចេញផ្សាយថា Apple បានត្រៀម iPhone 13 ចំនួនជាង ៩០លានគ្រឿងដើម្បីត្រៀមលក់នៅចុងឆ្នាំនេះ៕