(ភ្នំពេញ)៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសដើម្បីចូលរួមគាំទ្រដំណើការធុរកិច្ចកម្ពុជា ប្រកបដោយនិរន្តរភាព ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីបង្កើនការអនុវត្តសកម្មភាពក្នុងភាពជាដៃគូសហការក្នុងគោលដៅចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ពិធីនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលោក លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយមានការចូលរួមពីលោក ហ៊ត ផង អគ្គនាយក នៃអគ្គនាយកដ្ឋាន សហគ្រាសធុនតូច និងមធ្យម តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការចូលរួមពីសមាជិកសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជាផងដែរ។

ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានប្ដេជ្ញាថា នឹងរួមគ្នាផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សម្រាប់គោលបំណងពង្រីកអាជីវកម្ម ឬអភិវឌ្ឍអាជីវកម្មថ្មី ធនាគាសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងចូលរួមសកម្មភាព វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងសកម្មភាពជួបជុំនានា ដែលរៀបចំសម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោក លឹម អូន បានលើកឡើងថា៖ «ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពទាក់ទាញ រួមមាន៖ ការផ្តល់ឥណទាន ដែលមានតម្លៃទាប និងលក្ខខណ្ឌអនុគ្រោះ ដែលផ្ដល់ភាពងាយស្រួល នៅលើទីផ្សារ។ នៅចំពោះមុខធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានផែនការអភិវឌ្ឍបណ្តាញចែកចាយ ឱ្យបានទូលំទូលាយបន្ថែមទៀត សម្រាប់អតិថិជនគោលដៅ និងដើម្បីផ្តល់ភាព ងាយស្រួល ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ធនាគារ នឹងវិនិយោគបន្ថែមលើការបើកសាខាថ្មី និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាពិសេសការចាប់ដៃគូ សហការជាមួយស្ថាប័នផ្សេងៗ ក្នុងគោលបំណងបំរើសេវាកម្ម ជូនដល់អតិថិជន ដែលជាសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែល្អប្រសើរ»

លោកបានបន្ថែមទៀតថា៖ «ជាក់ស្តែង នៅពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច ឱ្យមានលទ្ធភាពចាប់ផ្ដើម និងពង្រីកអាជីវកម្មរបស់ខ្លួន បានដោយជោគជ័យ»

លោក ហ៊ត ផង បានស្នើឲ្យសមាជិកសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ប្រើប្រាស់ថវិកាឲ្យចំទិសដៅមុខសញ្ញាឲ្យមានប្រសិទ្ឋភាព សំរាប់អាជីវកម្មរបស់ដើម្បីជំរុញខ្លួនឯងឲ្យមានការរីកចំរើនទៅមុខ។ ប៉ុន្តែយើងប្រើខុសគោលដៅនោះ អាចនាំឲ្យសហគ្រាសយើងឈានឆ្ពោះទៅរកការក្ស័យធន បើខ្វះបច្ចេកទេស ក្រសួងនឹងជួយឲ្យអស់លទ្ធភាព។

លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា «សហគ្រាសធុនតូច និងមធ្យមជាច្រើន កំពុងតែជួបបហិរញ្ញបទាន ដើម្បីទ្រទ្រង់សហគ្រាសរបស់គាត់ និងដើម្បីបង្កើនអាជីវកម្មរបស់គាត់ ដូច្នេះហើយបានជាសម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា សហការជាមួយធនាគារសហគ្រាសធុនតូច ដើម្បីផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមទាំងនោះ ដែលមានអត្រាការប្រាក់សមរម្យ»

ក្នុងនាមជាធនាគារពាណិជ្ជ និងជាធនាគារគោលនយោបាយផង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា តែងតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការអនុវត្តរាល់សកម្មភាព ដើម្បីផ្ដល់ភាពងាយស្រួលដល់សហគ្រាស ធុនតូច និងមធ្យម ក្នុងការទទួលបានឥណទានដែលមានតម្លៃសមរម្យ៕