(ម៉ូស្គូ)៖ កីឡាករប្រណាំងរថយន្ត Kimi Raikkonen របស់ក្រុម Alfa Romeo នឹងវិលត្រឡប់ចូលរួមប្រកួតវិញ ក្នុងព្រឹត្តិការណ៍ Russian Grand Prix នៅទីក្រុង Sochi បន្ទាប់ពីខកខាន ការប្រកួត Formula One ចំនួន២ប្រកួតមុន ដោយសារតែធ្វើតេស្តរកឃើញវិជ្ជមាន COVID-19, នេះបើយោងតាមសារព័ត៌មាន CNA នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
ម្ចាស់ជើងឯកពានរង្វាន់ពិភពលោក ឆ្នាំ២០០៧រូបនេះ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា វាជាការល្អ ចំពោះការវិលត្រឡប់មកប្រកួតវិញ។
«តាមពិតទៅ គ្មានអ្នកណាម្នាក់ ចង់ឆ្លងជំងឺនោះទេ, ប៉ុន្តែវាបានកើតឡើង ហើយយើងត្រូវតែអនុវត្តតាមច្បាប់។ ប៉ុន្តែថាទាំងអស់នោះ គឺជាអតីតកាល ហើយឥឡូវនេះ ខ្ញុំផ្តោតលើការប្រកួតរបស់ខ្ញុំ នៅទីក្រុង Sochi», នេះបើតាមសម្តីកីឡាករវ័យ៤១ឆ្នាំ សញ្ជាតិហ្វាំងឡង់រូបនេះ បានលើកឡើង ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុម។
ក្រុម Alfa Romeo កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងចំណោម១០ក្រុម ហើយគិតមកទល់ពេលនេះ កីឡាករ Raikkonen បានទទួល២ពិន្ទុ ក្នុងចំណោម៣ពិន្ទុរបស់ពួកគេ ក្នុងឆ្នាំ២០២១នេះ។
កីឡាករ Raikkonen នឹងចូលនិវត្តន៍ នៅពេលចប់រដូវកាលនេះ, ជាមួយនឹងកីឡាករជនរួមជាតិ Valtteri Bottas បានផ្លាស់មកពីក្រុម Mercedes ដើម្បីជំនួសតំណែងរបស់លោក នៅឯក្រុម Alfa Romeo នេះ។
ជាមួយគ្នានោះ ក្រុម Alfa មិនទាន់បានបញ្ជាក់ពីអ្នកបើកបរទី២របស់ពួកគេ សម្រាប់រដូវកាល២០២២ នៅឡើយនោះទេ៕