(ឡុងដ៍)៖ ម្ចាស់ពានរង្វាន់កីឡាបាល់ឱបពិភពលោក សញ្ជាតិអង់គ្លេស លោក Steve Thompson, ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺវិលកចរិក ក្នុងវ័យ៤២ឆ្នាំនោះ, បានសន្យាក្នុងការបរិច្ចាគខួរក្បាលរបស់លោក សម្រាប់ការស្រាវជ្រាវ ស្តីពីជំងឺរលាកខួរក្បាលរុំារ៉ៃ (CTE), នេះបើយោងតាមអតីតកីឡាកររូបនេះ បានលើកឡើង ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

គម្រោងកេរ្តិ៍ដំណែលខួរក្បាលរបួស (Concussion Legacy Project), ជាធនាគារខួរក្បាលថ្មី ដែលត្រូវបានបង្កើតឡើង ក្នុងភាពជាដៃគូជាមួយមូលនិធិ Jeff Astle Foundation នោះ, ត្រូវបានដាក់ឈ្មោះឡើង តាមឈ្មោះអតីតកីឡាករខ្សែប្រយុទ្ធអង់គ្លេស ដែលបានស្លាប់ដោយសារជំងឺវិលកចរិក ក្នុងឆ្នាំ២០០២។ គម្រោងនេះ នឹងប្រើប្រាស់ខួរក្បាលរបស់លោក Thompson ដើម្បីស្រាវជ្រាវអំពីជំងឺរលាកខួរក្បាលរុំារ៉ៃ និងផលវិបាកផ្សេងទៀត នៃការប៉ះទង្គិចខួរក្បាល ចំពោះអត្តពលិក និងអតីតយុទ្ធជនយោធា នៅចក្រភពអង់គ្លេស។

«ខ្ញុំសន្យានឹងបរិច្ចាគខួរក្បាលរបស់ខ្ញុំ ដូច្នេះកូនចៅរបស់មនុស្ស ដែលខ្ញុំស្រលាញ់ មិនចាំបាច់ឆ្លងកាត់អ្វី ដែលខ្ញុំបានឆ្លងកាត់នោះទេ», នេះបើតាមសម្តីលោក Thompson បានលើកឡើង ខណៈលោកបានបញ្ជាក់ កាលពីឆ្នាំមុនថា លោកមិនមានការចងចាំនោះទេ ក្នុងការឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០០៣។

លោកបន្ថែមថា «វាអាស្រ័យលើជំនាន់ខ្ញុំ ដែលត្រូវសន្យាបរិច្ចាគខួរក្បាលរបស់យើង ដូច្នេះអ្នកស្រាវជ្រាវ អាចអភិវឌ្ឍន៍វិធីព្យាបាល និងរកវិធីល្អៗ ដើម្បីធ្វើឱ្យការប្រកួត មានសុវត្ថិភាពជាងមុន»

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ, កីឡាបាល់ឱបពិភពលោក បានប្រកាសពីគោលការណ៍ណែនាំថ្មី ដែលកំណត់ការហ្វឹកហាត់រយៈពេល១៥នាទី ក្នុងមួយសប្តាហ៍ តាមផែនការសុខុមាលភាព៦ ចំណុចរបស់ពួកគេ កាលពីខែកក្កដា ដែលរួមមានទាំងការថែទាំសុខភាពខួរក្បាល សម្រាប់អតីតកីឡាករផងដែរ។

គួររំលឹកថា លោក Thompson បានលេង៧៣ប្រកួត ឲ្យក្រុមជម្រើសជាតិអង់គ្លេស ពីឆ្នាំ២០០២-២០១១ និងបានឈ្នះពានរង្វាន់ចំនួន៣ សម្រាប់ក្រុមអង់គ្លេស និងអៀរឡង់៕