(បាសេឡូណា)៖ អ្នកចាត់ការទូទៅ លោក Ronald Koeman កាន់តែមានសម្ពាធខ្លាំងឡើង នៅពេលដឹកនាំ FC Barcelona មិនអាចរកបាន ៣ពិន្ទុនៅក្នុងផ្ទះរបស់ Cadiz ក្រៅពីបញ្ចប់លទ្ធផលស្មើគ្នា ០-០ ក្នុងសប្តាហ៍ទី៥ នៅ La Liga រដូវកាលនេះ។

ក្រុមរហស្សនាម អ្នកមានបុណ្យ មួយនេះទើបតែឈ្នះ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ៥ប្រកួតនារដូវកាលថ្មីឆ្នាំ២០២១-២០២២ ក្នុងនាមជាក្រុមលេងមិនទាន់ចាញ់នៅឡើយទេ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ កាលពីរដូវកាលមុនផងដែរ។

នៅខ្វះ ២៥នាទីទៀតដល់ម៉ោងបញ្ចប់ FC Barcelona លេងតែគ្នា ១០នាក់ប៉ុណ្ណោះ នៅពេល Frenkie de Jong ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីការប្រកួត ដោយសារទទួលកាតលឿង ២ដង។

ក្នុងប្រកួតនោះដែរ បុរសសញ្ជាតិហូឡង់ Koeman ក៏បានចាកចេញពីទីតាំងបញ្ជាកូនក្រុមដោយក្តីខឹងសម្បារផងដែរ នៅពេល de Jong ទទួលបានកាតលឿងជាលើកទី២ ផងនោះ ដ្បិតកូនក្រុមបង្កើតឱកាសតិចតួចបំផុត ដើម្បីយកឈ្នះក្រុមលេខ១៤ ក្បែរបាតតារាង Cadiz៕