(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសនឹងបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជានាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជម្រុះ (Play-Off) ជាមួយកោះហ្គាំ ដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃការប្រកួតជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 នៅប្រទេសបារ៉ែននាខែតុលាខាងមុខ។

ជាមួយការត្រៀមបង្ហាញបញ្ជីឈ្មោះក្រុមគោព្រៃកម្ពុជានេះ អ្នកគាំទ្រជាច្រើនរំពឹងថា ការកោះហៅកីឡាករលើកនេះ ភាគរយខ្ពស់នឹងមានវត្តមានកីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមបឹងកេតរូបនេះបានបង្ហាញខ្លួនជាប់លាប់ក្នុងជម្រើស ១១នាក់ដំបូង និងធ្វើបានយ៉ាងល្អ ក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាលនេះ ពិសេសគុណភាពបញ្ចប់ទីរបស់គេតែម្ដង។

ខ្សែប្រយុទ្ធមានបទពិសោធលេងនៅជប៉ុន និងលីគកំពូលម៉ាឡេស៊ី CV-11 បានខកខានជាប់ជម្រើសជាតិកម្ពុជាជាង ២ឆ្នាំមកហើយ។ ប៉ុន្ដែបច្ចុប្បន្នកីឡាករជំនាញជើងឆ្វេងរូបនេះ បានទទួលការគាំទ្រខ្លាំងមកវិញ ក្រោយការបង្ហាញទម្រង់លេងដ៏ល្អ និងកំពុងក្ដោបក្ដាប់ជាកីឡាករក្នុងស្រុករកបានគ្រាប់បាល់ច្រើនជាងគេ ១២គ្រាប់ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាទៀតផង។

បច្ចុប្បន្នបញ្ជីឈ្មោះកីឡាករ ត្រូវកោះហៅប្រមូលផ្ដុំនេះ ត្រូវបានគេដឹងថា កំពុងស្ថិតក្នុងកណ្ដាប់ដៃអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា លោក Keisuke Honda ក៏ដូចជាគ្រូបង្វឹកលោក Ryu Hirose នៅឡើយតែការបង្ហាញផ្លូវការប៉ុណ្ណោះ។ ដូច្នេះចាំមើលតើនឹងមានវត្តមានកីឡាករណាខ្លះ ហើយតើ វឌ្ឍនាកា នឹងទទួលបានឱកាសជាថ្មីពីលោក Honda ដើម្បីជួយក្រុមជម្រើសជាតិដែលឬទេ?

គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរទៅប្រទេសបារ៉ែន នាដើមខែក្រោយ ដើម្បីត្រៀមការប្រកួតជម្រុះ Play-Off នៃពានរង្វាន់ AFC Asian Cup Civ2023 ជាមួយកោះហ្គាំចំនួន ២ជើង នៅលើទឹកដីកណ្ដាលនេះ ក្នុងនោះជើងទី១ ក្រុមទាំងពីរត្រូវជួបគ្នានាថ្ងៃទី០៩ ខែតុលា និងជើងទី២ ជួបគ្នានាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន Khalifa Sport City តែមួយគត់៕