(ពិភពលោក)៖ អាវុធនុយក្លេអ៊ែរ ត្រូវបានចាត់ទុកជាអាវុធសាហាវជាងគេបំផុតដែលមនុស្សយើងបានបង្កើតឡើង។ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ អាវុធនុយក្លេអ៊ែរធ្លាប់ត្រូវបានប្រើប្រាស់ជាក់ស្តែងតែពីរលើកគត់ប៉ុណ្ណោះ គឺការទម្លាក់គ្រាប់បែកបរមាណូទៅលើប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទីពីរ ពោលគឺនៅអំលុងឆ្នាំ១៩៤៥។

មុនសម្រេចបានគ្រាប់បែកនុយក្លេអ៊ែរ ឬគ្រាប់បរមាណូទាំងនេះ សហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងអភិវឌ្ឍអាវុធប្រល័យលោក ក្នុងគម្រោងមួយឈ្មោះថា Manhattan Project (អាន៖ ម៉េនហាតថិន)។ ការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរជាលើកដំបូងក្នុងគម្រោង Manhattan Project និងជាលើកទីមួយនៅលើពិភពលោក ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៥។

ការធ្វើតេស្តខាងលើនេះត្រូវបានរៀបចំឡើងនៅតំបន់វាលខ្សាច់ Jornada del Muerto (អាន៖ ហ៉័នណាដា ឌែល មូអឺរថូ) ក្នុងរដ្ឋម៉ិកស៉ិកថ្មី ដែលជាកន្លែងសាកល្បងសព្វាវុធរបស់យោធាអាមេរិក។ ការធ្វើតេស្តនោះត្រូវបានដាក់ឈ្មោះសម្គាល់ថា Trinity (អាន៖ ត្រេននីធី) រីឯគ្រាប់បែកនុយក្លេអ៊ែរដែលត្រូវបានបំផ្ទុះសាកល្បងនោះមានឈ្មោះក្រៅផ្លូវការថា The Gadget (អាន៖ ដឹ ហ្កាដជេត) ជាប្រភេទគ្រាប់បែកនុយក្លេអ៊ែរភ្លុយតូញ៉ូម (Plutonium) គឺប្រភេទដូចគ្នាទៅនឹងគ្រាប់បែកបរមាណូ Fat Man ដែលទម្លាក់ទៅលើទីក្រុងណាហ្កាសាគិរបស់ជប៉ុន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥។

ក្រុមអ្នកវិទ្យាសាស្រ្ត និងឥស្សរជនរបស់សហរដ្ឋអាមេរិកដែលចូលរួមទស្សនាការបំផ្ទុះនោះ ត្រូវស្ថិតនៅចម្ងាយជិត ១០ គីឡូម៉ែត្រពីទីតាំងធ្វើតេស្ត ដើម្បីការពារសុវត្ថិភាព។ នាពេលនោះ គ្រាប់បែកនុយក្លេអ៊ែរ The Gadget ត្រូវបានបំផ្ទុះដោយជោគជ័យ និងបានបញ្ចេញថាមពលប្រហែល ២៥ គីឡូតោន។

គួរបញ្ជាក់ថា ក្រោយអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរបានសម្រេចហើយ ជំហានបន្ទាប់របស់អាមេរិកនាពេលនោះ គឺថា «តើត្រូវទម្លាក់វាទៅលើប្រទេសបច្ចាមិត្តមួយណា?»។ ច្បាស់ណាស់ គោលដៅដំបូងគឺប្រទេសអាល្លឺម៉ង់ ប៉ុន្តែអាល្លឺម៉ង់បានចុះចាញ់សង្រ្គាមរួចទៅហើយ នៅឡើយតែប្រទេសជប៉ុនដែលនៅក្រាញតសឹកនឹងសហរដ្ឋអាមេរិក ដូច្នេះហើយទើបគោលដៅនៃការទម្លាក់គ្រាប់បែកបរិមាណូរបស់សហរដ្ឋអាមេរិក ត្រូវបង្វែរទៅប្រទេសអាស៉ីមួយនេះវិញ។ ជាក់ស្ដែង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ កងទ័ពអាកាសសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូចំនួនពីរគ្រាប់នៅទីក្រុងហ៉ីរ៉ូស៉ីម៉ា និងណាហ្កាសាគិ នៃប្រទេសជប៉ុន។ ក្រោយព្រឹត្តិការណ៍ដ៏មហាវិនាសកម្មនេះហើយ ចក្រភពជប៉ុនក៏ព្រមចុះចាញ់សង្គ្រាមតែម្ដង៕