(អាមេរិក)៖ ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែស្វែងរកវិធីដោះស្រាយ ដើម្បីឱ្យគេចផុតពីការស៊ើបអង្កេត របស់ សហភាពអឺរ៉ុបពាក់ព័ន្ធនឹង ច្បាប់ប្រឆាំងសេចក្ដីទុកចិត្តទៅលើការអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មឌីជិថល។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២។

មូលហេតុដែលក្រុមហ៊ុន Google ព្យាយាមស្វែងរកដំណោះស្រាយនេះក៏ព្រោះតែបើសិនជាសហភាពអឺរ៉ុប (EU) បន្តការស៊ើបអង្កេតមែននោះ នឹងធ្វើឱ្យប៉ះពាល់ដល់ អាជីវកម្មក្រុមហ៊ុន Google ព្រមទាំងទទួលការផាកពិន័យក្នុងទឹកប្រាក់ច្រើនសន្ធឹកថែមទៀតផង ព្រោះកន្លងមក ក្រុមហ៊ុន Google ធ្លាប់ត្រូវបាន EU ផាកពិន័យជាទឹកប្រាក់ ៨ពាន់លានអឺរ៉ូ ប្រហែល ៩,៤ពាន់លានដុល្លារអាមេរិក ទៅលើបទល្មើសចំនួន៣ផ្សេងគ្នា ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។

គណៈកម្មការអ៊ឺរ៉ុបបានបើកការស៊ើបអង្កេតមួយកាលពីខែមិថុនា ទៅលើក្រុមហ៊ុន Google ថាតើបានប្រើប្រាស់បច្ចេកវិទ្យា ឬឥទ្ធិពលរបស់ខ្លួន ក្នុងការ បង្ហាញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញ បានធ្វើឱ្យផលប៉ះពាល់ដល់គូប្រជែង ដូចជា Advertisers និង Publishers ដែរឬអត់?

ប្រភពដែលជិតស្និទ្ធបានលួចបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Google បានរៀបចំសំណើមួយទៅកាន់គណៈកម្មការអ៊ឺរ៉ុបដើម្បីរារាំងការស៊ើបអង្កេត លើ ករណីខាងលើនេះ ប៉ុន្តែគេមិនបានដឹងថានៅក្នុងសំណើនោះមានអ្វីខ្លះនោះទេ។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Google បានទទួងរងការផាកពិន័យ និងស៊ើបអង្កេតពីសំណាក់ ប្រទេសធំៗចំនួនពីរគឺកូរ៉េខាងត្បូង និងឥណ្ឌាពាក់ព័ន្ធនឹងប្រព័ន្ធដំណើរការ Android ៕