(ដូហា)៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ី James Rodriguez បានបង្ហាញអារម្មណ៍ ក្រោយការប្រកាសជាផ្លូវការនៃចូលរួមជាមួយក្លិបលីគកាតា Al Rayyan SC «នេះជាឱកាសថ្មីដើម្បីរស់នៅ ហើយរីករាយ និងអរគុណក្លិប Al Rayyan ដែលបានផ្តល់បទពិសោធន៍ថ្មីសម្រាប់ខ្ញុំ» ដែលនេះជាការលើកឡើងនៅលើបណ្តាញសង្គមរបស់លោក ក្រោយសម្រេចកិច្ចសន្យាការផ្ទេរពីក្លិបអង់គ្លេស Everton រួចមក។

ក្លិបកាតា (Qatar) AlRayyan SC និងក្លិប Everton មិនបានបង្ហាញតម្លៃផ្ទេរ ឬរយៈពេលកិច្ចសន្យានោះទេ ខណៈដែល James បានចូលរួមជាមួយក្លិបអង់គ្លេស រហ្សនាមស្ករគ្រាប់ (Everton) កាលឆ្នាំ២០២០ ដែលក្លិបបាល់ទាត់អាជីព Al Rayyan SC ជាក្លិបទី៨ ដែលខ្សែបម្រើប្រយុទ្ធ James បានចូលរួមលេងជាមួយបន្ទាប់ពីចំណាយពេលជាមួយក្លិប Envigado, Banfield, FC Porto, AS Monaco, Real Madrid និងBayern Munich។

ក្នុងនោះប្រភពពី Sport illustrated បង្ហាញថា Real Madrid បានចំណាលុយ ៦៣លានផោនទិញរូបគេពីក្លិប Monaco ហើយក្លិប Everton បានចំណាយប្រមាណ ២៦លានដុល្លារកាលពីរដូវកាលមុន តែរូបគេលេងបានតែ ១២ខែប៉ុណ្ណោះ នាកីឡដ្ឋាន Goodison Park នៃលីគអង់គ្លេស Premier League ហើយជាកីឡាករម្នាក់ដែលរួមចំណែកជួយក្លិប Real Madrid ឈ្នះពាន Champions League, FIFA Club World Cup ២លើក និងជាម្ចាស់ពានស្បែកជើងមាស World Cup Golden Boot 2014 ជាមួយក្រុមជម្រើសកូឡុំប៊ី។

បច្ចុប្បន្នក្លិប Al Rayyan SC កំពុងស្ថិតក្នុងលេខរៀងទី១០ នៃលីគ Qatar Stars League ដែលទើបលេងបាន ៣ប្រកួតរកបាន ២ពិន្ទុដែលនៅថ្ងៃទី២៧ ខែកញ្ញានេះ ត្រូវប៉ះក្រុម Al Khor SC នៃប្រកួតទី៤ ក្នុងលីគដែលខ្សែប្រយុទ្ធថ្មីនេះពាក់អាវលេខ១០៕