(ភ្នំពេញ)៖ តារាសម្ដែងមុខមានមន្តស្នេហ៍ នៅ សូនីតា បន្ទាប់ពីបានសាងស្នេហ៍រួមរស់ជាមួយនឹងលោក ទិត្យ ថាវរិទ្ធ អគ្គនាយករងនៃស្ថានីយទូរទស្សន៍ បាយ័ន ដោយបើកចំហររួចមក មហាជនហាក់មិនសូវបានឃើញ តារាស្រីរូបនេះ ក្នុងវិស័យសិល្បៈដូចមុនឡើយ ពោលគឺនាងបានក្លាយជាភរិយាដ៏ល្អ ជាម្ដាយដ៏ល្អ ក្នុងគ្រួសារលោក ទិត្យ ថាវរិទ្ធ ប្រកបដោយសុភមង្គល លែងនឹកនានឹងការងារសិល្បៈដូចមុន។ ថ្មីៗនេះ សម្រាប់អតីតតារាសម្ដែងមានឈ្មោះល្បី នៅ សូនីតា ត្រូវបានប្រភពច្បាស់ការមួយបង្ហើបឲ្យដឹងថា នាងកំពុងតែត្រៀមគ្រងតំណែងថ្មី ដែលស្វាមីជាអ្នកផ្ដល់ ឲ្យ នោះគឺកាន់កាប់តំណែងជាពិធីការិនី ក្នុងកម្មវិធីថ្មីមួយទើបតែបង្កើតឡើង។

ប្រភពព័ត៌មានទម្លាយចេញ ពីស្ថានីយទូរទស្សន៍បានយ័ន បានឲ្យ Fresh News Plus ដឹងថា តារាសម្ដែងស្រស់ស្អាត នៅ សូនីតា ត្រូវបានស្វាមីរបស់នាង គឺលោក ទិត ថាវរិទ្ធ ផ្ដល់ជូននូវតំណែងជាពិធីការិនី ក្នុងកម្មវិធីថ្មីមួយ មានឈ្មោះថា «ស្នាមញញឹមវប្បធម៌ខ្មែរ»។ កម្មវិធីនោះរៀបចំគ្រប់គ្រង ដោយស្វាមីរបស់នាងផ្ទាល់ និងលោក គង់ សុធារិទ្ធ។ កម្មវិធី «ស្នាមញញឹមនៃវប្បធម៌» ផ្តោតសំខាន់ទៅលើការលើកយកសាស្ត្រាចារ្យ សាលាវិចិត្រសិល្បៈគ្រប់ជំនាញទាំងអស់ មកបង្ហាញ និងសម្ភាសន៍ចែករំលែកបទពិសោធន៍ ឲ្យអ្នកសិល្បៈជំនាន់ក្រោយបានដឹង ហើយនឹងធ្វើការចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍បាយ័ន។

ក្នុងតំណែងថ្មីសន្លាងនេះ កម្មវិធីតម្រូវឲ្យមាន ពិធីករ-ពិធីការិនី ចំនួន២គូ គឺ តារាសម្ដែង នៅ សូនីតា ត្រូវចាប់ដៃគូជាមួយពិធីករមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយកញ្ញា ឌួង ហ្សូរីដា នឹងត្រូវចាប់ដៃគូជាមួយតារាចម្រៀង ជួន អមរិទ្ឋ។ យ៉ាងណាមិញ បើនិយាយលើជំនាញផ្នែកពិធីការិនី របស់តារាសម្ដែង នៅ សូនីតា គឺនាងធ្លាប់ហែលឆ្លងរួចមកហើយ កាលពីមិនទាន់មានស្វាមី គ្រាន់តែផ្អាកមួយរយៈធំ ព្រោះនាងសម្រេចចិត្តមករួមរស់ជាមួយនឹងលោក ទិត្យ ថាវរិទ្ធ ហើយលោកក៏ឲ្យនាងផ្អាកការងារសិល្បៈ។

ការវិលមកកាន់សង្វៀនសិល្បៈជាថ្មី របស់ស្រីស្រស់ នៅ សូនីតា ធ្វើឲ្យមហាជនមិននឹកស្មានឡើយ ព្រោះបើគិតទៅ សូនីតាមានងារជា «ជំទាវ» ទៅហើយ និងរស់ប្រកបដោយសុភមង្គល មិនគួរណាយកពេលវេលា មករវល់នឹងការងារសិល្បៈទៀតឡើយ។ ប៉ុន្តែចុងក្រោយបានសម្រេចជ្រើសរើស ដើរលើផ្លូវចាស់ឡើងវិញ ដោយមានការជម្រុញលើកទឹកចិត្តពីស្វាមី ដែលមានតំណែងធំស្រាប់នៅក្នុងនោះ។ អ្វីដែលកាន់តែល្អ គឺនៅ សូនីតា នឹងកាន់តែយល់ដឹងពីក្បួនអត្ថាធិប្បាយឲ្យកាន់តែច្បាស់ ព្រោះមានប្តីជាខ្នងបង្អែកចាំជួយចង្អុលបង្ហាញពីក្រោយខ្នង។

សូមបញ្ជាក់ថា តារាសម្តែង និងតារាបង្ហាញម៉ូដអ្នកនាង នៅ សូនីតា បានក្លាយជាភរិយាពេញមុខពេញមាត់របស់លោក ទិត្យ ថាវរិទ្ធ មានតួនាទីជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយត្រូវបានមហាជននិយាយថា នាងពិតជាសំណាងណាស់ ព្រោះបានប្ដីចាស់ចេះស្រឡាញ់ថ្នាក់ថ្នមបមបី មើលថែយ៉ាងយកចិត្តទុកដាក់ មិនឲ្យលំបាកលំបិនឡើយ។ យ៉ាងណាមិញ ស្នេហាបើកចំហរមួយនេះ បានវិវត្តន៍ទៅរកភាពល្អប្រសើរ ដោយថែមទាំងទទួលបាននូវកាដូរជាចំណងស្នេហ៍កូនប្រុសម្នាក់ បញ្ជាក់ពីស្នេហាពិតរបស់អ្នកទាំងពីរទៀតផង៕