(ក្រុងអាក្រា)៖ ហ្គាណា បានតែងតាំងលោក Milovan Rajevac ជាគ្រូបង្វឹកថ្មីរបស់ពួកគេ នៅថ្ងៃសុក្រនេះ, ជាមួយនឹងបុរសសញ្ជាតិស៊ែប៊ីរូបនេះ នឹងវិលត្រឡប់ទៅបំពេញការងារ ដែលលោកធ្លាប់បានធ្វើ នៅពេលដែលក្រុមប្រទេស នៅភាគខាងលិចទ្វីបអាហ្វ្រិកនេះ បានឡើងដល់វគ្គជម្រុះ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

banner

លោក Rajevac បានចុះកិច្ចសន្យារយៈពេល១ឆ្នាំ ជាមួយនឹងជម្រើសបន្ត១ឆ្នាំទៀត, នេះបើតាមសមាគមបាល់ទាត់អាហ្វ្រិក បានប្រាប់ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន។

បុរសវ័យ៦៧ឆ្នាំរូបនេះ មានពេលវេលាតិចតួចប៉ុណ្ណោះ ក្នុងការត្រៀមសម្រាប់ការចាប់ផ្តើមដឹកនាំរបស់លោក, ជាមួយនឹងការប្រកួតជម្រុះ World Cup ចំនួន២លើក ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ ត្រូវតទល់នឹងក្រុមហ្សីមបាវេ នៅខែក្រោយ។

លោកបានជំនួសតំណែងលោក Charles Akonnor, ដែលត្រូវបានដកចេញពីតំណែង ក្រោយពីក្រុមហ្គាណា ទទួលបាន៣ពិន្ទុ ពីការប្រកួតបើកឆាកវគ្គជម្រុះក្នុងពូល G ចំនួន២ប្រកួត កាលពីដើមខែនេះ៕