(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ការចាប់ឆ្នោតប្រកួតពានរង្វាន់ AFF Suzuki Cup 2020 កម្ពុជាស្ថិតក្នុងពូលប្រជុំដោយក្រុមខ្លាំងៗ តែយ៉ាងណាលោកបានប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីដឹកនាំក្រុមឆ្លងឲ្យវគ្គជម្រុះក្នុងពូល នៃព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ ។
Honda និយាយថា «ដូចបងប្អូនបានដឹងហើយពីលទ្ធផលការចាប់ឆ្នោតពានរង្វាន់ Suzuki Cup មានប្រទេសខ្លាំងៗច្រើនក្នុងគ្រុបជាមួយយើង ហើយខ្ញុំមានអារម្មណ៍រំភើប ចំពោះការប្រកួត Suzuki Cup នាខែធ្នូនេះ ។ យើងដឹងថា វាជាការប្រកួតប្រជែងដែលតានតឹង តែយើងនឹងប្រឹងប្រែង ដើម្បីអាចឈានទៅវគ្គបន្ទាប់ ។ យើងត្រូវការការគាំទ្រ និងការជំរុញទឹកចិត្តពីបងប្អូន ហើយពួកយើងនឹងប្រឹងប្រែឲ្យអស់ពីលទ្ធភាព ដើម្បីបងប្អូនទាំងអស់គ្នា» ។
គួរដឹងថា លទ្ធផលចាប់ឆ្នោតកាលពីដើមសប្ដាហ៍កន្លងទៅ ក្រុមគោព្រៃកម្ពុជា គឺស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ ខណៈពូល A មានថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងប្រ៊ុយណេ ឬទីម័រខាងកើត ដែលឆ្លងកាត់ការប្រកួតជម្រុះ Play-Off ។ ចំពោះការប្រកួតពានរង្វាន់ ២ឆ្នាំម្ដង ដែលលើកពេលមកពីឆ្នាំ២០២០ នេះ គ្រោងដំណើរការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ ។
រីឯកម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាវិញ រួមមានជួបម៉ាឡេស៊ី នាថ្ងៃទី០៦-ធ្នូ, ជួបឥណ្ឌូនេស៊ី នាថ្ងៃទី៩-ធ្នូ, ជួបឡាវ នាថ្ងៃទី១៥-ធ្នូ និងចុងក្រោយជួបក្រុមខ្លាំងវៀតណាម នាថ្ងៃទី១៩-ធ្នូ ។ ប៉ុន្ដែប្រទេសម្ចាស់ផ្ទះ ដែលត្រូវរៀបចំការប្រកួតនេះ នៅមិនទាន់ដឹងនោះទេ ខណៈតាមគម្រោងសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) នឹងរៀបចំកិច្ចប្រជុំមួយ នាសប្ដាហ៍ក្រោយ ដើម្បីសម្រេចពីប្រទេសទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020៕