(ឡុងដ៍)៖ អ្នកចាត់ការក្លិប Liverpool លោក Juergen Klopp បានបង្ហាញការស្វាគមន៍ចំពោះការសាកល្បងទីលានឈរប្រកបដោយសុវត្ថិភាព សម្រាប់អ្នកគាំទ្រ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ នៅក្នុងការប្រកួត Premier League ដោយលើកឡើងថា លោករីករាយចិត្ត ក្នុងការមើលឃើញពីបរិយាកាសនៅឯពហុកីឡដ្ឋាន Anfield ដែលអភិវឌ្ឍន៍នៅឆ្នាំក្រោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

អ្នកគាំទ្រ នឹងត្រូវបានអនុញ្ញាតឲ្យឈរនៅទីលានដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតលីគកំពូលអង់គ្លេស Premier League និង Championship ចាប់ពីថ្ងៃទី០១ ខែមករាតទៅ ដោយវាជាផ្នែកមួយនៃកម្មវិធីសាកល្បង បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានណែនាំឲ្យអាជ្ញាធរសុវត្ថិភាពទីលានកីឡា បង្កើតតំបន់ឈរដែលមានអាជ្ញាបណ្ណ។

ទីលានប្រកួតនៅលីគទាំងពីររបស់អង់គ្លេសនេះ ត្រូវបានកែប្រែទៅជាពហុកីឡដ្ឋានសម្រាប់អ្នកអង្គុយទាំងអស់ បន្ទាប់ពីអ្នកគាំទ្រក្លិប Liverpool បានប៉ះទង្គិចគ្នានៅក្នុងតំបន់ដែលមានមនុស្សច្រើនកុះករ និងមានរបងហ៊ុមព័ទ្ធនៅពហុកីឡដ្ឋាន Hillsborough ក្នុងឆ្នាំ១៩៨៩ ដែលបណ្តាលឱ្យមនុស្ស ៩៧នាក់បានស្លាប់។

«ខ្ញុំគិតថា វាគឺជាពេលវេលាល្អក្នុងការចាប់ផ្តើមគិតអំពីរបៀប ដែលយើងអាចធ្វើឡើងវិញនូវអ្វីដែលយើងធ្លាប់បានធ្វើពីមុន។ កីឡាបាល់ទាត់ គឺនិយាយអំពីបរិយាកាសមនុស្សកាន់តែច្រើននៅក្នុងពហុកីឡដ្ឋាន និងនៅក្នុងទីតាំងដែលត្រឹមត្រូវ បរិយាកាសកាន់តែល្អ»។ នេះបើតាមសម្តីលោក Klopp បានប្រាប់អ្នកសារព័ត៌មាននាថ្ងៃសុក្រម្សិលមិញ។

គួរជម្រាបថា តំបន់ឈរប្រកបដោយសុវត្ថិភាព ត្រូវបានកំណត់ឲ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំក្រោយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានណែនាំឲ្យអាជ្ញាធរសុវត្ថិភាពទីលានកីឡា ចាប់ផ្តើមជំហានដំបូងក្នុងការបង្កើតតំបន់ឈរ ដែលមានអាជ្ញាបណ្ណនៅឯទីលានប្រកួត៕