(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធ Lionel Messi នឹងអវត្តមាននៅក្នុងការប្រកួតរបស់ក្រុម Paris St. Germain ទល់នឹងក្រុម Montpellier នារាត្រីថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារលោកមិនទាន់ជាសះស្បើយពេញលេញពីរបួសស្នាមជាំឆ្អឹង។ នេះបើយោងតាមការបញ្ជាក់ពីក្លិបលេងនៅ Ligue 1 របស់បារាំង ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

Messi បានទទួលរងរបួសនៅជង្គង់ខាងឆ្វេងរបស់លោក ហើយតាមរយៈការស្គេន MRI កាលពីដើមសប្តាហ៍នេះបានបង្ហាញពីសញ្ញានៃការប៉ះទង្គិចឆ្អឹង។ លោកបានខកខានការប្រកួតដោយទទួលបានលទ្ធផលឈ្នះ ២-១ លើក្រុម Metz កាលពីរាត្រីថ្ងៃពុធ។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ ៣៤ឆ្នាំខាងលើនេះ ដែលបានចូលរួមជាមួយក្លិបបារាំង ក្រោយចាកចេញពីក្លិប FC Barcelona លើកិច្ចសន្យារយៈពេល ២ឆ្នាំកាលពីខែសីហានោះ នឹងត្រូវបានគេវាយតម្លៃម្តងទៀតនៅថ្ងៃអាទិត្យ មុនការប្រកួតសប្តាហ៍ក្រោយនៅ UEFA Champions League ដោយធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Manchester City របស់អង់គ្លេស។

PSG បានដាក់បន្ថែមខ្សែបម្រើ Marco Verratti ដែលនឹងវិលត្រឡប់ទៅហ្វឹកហាត់វិញនៅថ្ងៃអាទិត្យ ស្របពេលខ្សែការពារ Sergio Ramos ដែលមិនទាន់បានចាប់ផ្តើមលេងសម្រាប់ក្លិបថ្មីនេះទេ នឹងបន្តធ្វើការហ្វឹកហាត់តែឯង ខណៈលោកជាសះស្បើយពីរបួសកំភួនជើង។

គួរបញ្ជាក់ថា ក្លិប PSG កំពុងស្ថិតនៅលំដាប់កំពូលតារាង Ligue 1 ជាមួយនឹងជ័យជំនះដ៏ល្អពីការប្រកួតចំនួន ៧លើកកន្លងមក៕