(ភ្នំពេញ)៖ ប្រសិនបើពេលនេះអ្នកកំពុងរស់នៅសម័យមុនគ្រិស្ដសករាជ អ្នកប្រាកដជាឮអ្នកស្រុកនិយាយថា ផែនដីយើងមានសណ្ឋានរាបដូចស្ករផែន ឬថែមទាំងយល់ថាចក្រវាលនេះគឺមានឋានលើ ឋានកណ្ដាល និងឋានក្រោមជាក់ជាពុំខាន។

ផ្ទុយពីការដឹងតៗគ្នានេះ មានអ្នកប្រាជ្ញាក្រិកបុរាណបុរាណបែរជាអះអាងថា ផែនដីគឺមានរាងមូល មិនមានសណ្ឋានរាបដូចស្ករផែននោះទេ តួយ៉ាងដូចជា លោក ពីតាគ័រ (Pythagoras 570-495 B.C) និងលោក អារីស្តូត (Aristotle 384-322 B.C) ជាដើម ដែលលោកបានពន្យល់តាមបែបវិទ្យាសាស្ត្រថា ផែនដីមានរាងមូល។ តើអារីស្តូតមានអំណះអំណាងអ្វី ដើម្បីពន្យល់ថាផែនដីមានរាងមូល?

នៅអំលុងសតវត្សទី៥ មុនគ្រិស្តសករាជ គណិតវិទូជនជាតិក្រិក គឺលោក ពីតាគ័រ បានបង្រៀនថា ផែនដីមានរាងមូល ឬរាងស្វ៊ែរ (Sphere)។ ទស្សនៈរបស់លោកក៏ដូចជាទស្សនវិទូសម័យមុនជាច្រើនទៀតផងដែរ ពួកគេបានជឿថាអង្គបង្កើតរាងស្វ៊ែរដោយខ្លួនឯង។

មកដល់អំលុងសតវត្សទី៣ មុនគ្រិស្តសករាជ ទស្សនវិទូជនជាតិក្រិកម្នាក់ទៀត គឺលោក អារីស្តូត បានលើកអំណះអំណាងថា ផែនដីយើងពិតជាមានរាងមូលពិតមែន ដោយផ្អែកលើការសង្កេតដោយភ្នែកទទេទៅទីអវកាស។

លោក អារីស្តូត បានកត់សម្គាល់ថា ស្រមោលរាងកោងដែលជះទៅលើផ្ទៃព្រះចន្ទ គឺជាស្រមោលរបស់ផែនដី។ លោកថា ស្រមោលនេះបានរំកិលខ្លួនមួយយប់រំកិលបន្តិចៗ រហូតដល់លុបផ្ទៃព្រះចន្ទបាត់ទាំងមូល ដែលវាគឺជាចលនារបស់ផែនដី។ ទោះជាយ៉ាងណា មនុស្សភាគច្រើនមិនទាន់ជឿថាផែនដីយើងមានរាងមូលនោះឡើយ ពួកគេជឿថាផែនដីមានសណ្ឋានរាបដូចស្ករផែន។

ជាការពិតណាស់ ស្រមោលដែលជះទៅលើព្រះចន្ទ គឺពិតជាស្រមោលរបស់ផែនដីយើងមែន ហើយបាតុភូតចន្ទគ្រាសក៏កើតពីស្រមោលរបស់ផែនដីយើងដែរ គឺកើតឡើងនៅពេលផែនដីនៅចំកណ្ដាលរវាងព្រះអាទិត្យ និងព្រះចន្ទ (ពេញវង់) ជាហេតុធ្វើឱ្យផែនដីបាំងពន្លឺព្រះអាទិត្យ ហើយជះស្រមោលទៅលើផ្ទៃព្រះចន្ទ៕