(ភ្នំពេញ)៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (Wildlife Conservation Society Cambodia- WCS Cambodia ) បានឱ្យដឹងថា សត្វត្រដក់តូច ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (International Union for Conservation of Nature and Natural Resources) បានចាត់ទុកថាជាប្រភេទសត្វងាយរងគ្រោះជាសាកល។ តែទោះជាយ៉ាងណាក៏ដោយកម្ពុជា ត្រូវបានគេចាត់ទុកថា ជាទីជម្រកមួយរបស់សត្វប្រភេទនេះរស់នៅផងដែរ។

បើតាមយោងតាមការបញ្ជាក់របស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ដដែល បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីជម្រកមួយរបស់សត្វត្រដក់តូច ដែលនៅលើពិភពលោកមានចំនួនសរុបប្រហែល ៣,០០០ក្បាលប៉ុណ្ណោះ ហើយចំនួននេះកំពុងថយចុះ ទោះបីជាមានវិធានការទប់ស្កាត់មិនឱ្យចំនួននេះថយចុះនៅក្នុងតំបន់មួយចំនួនក្តី។

តាមរយៈហ្វេសប៊ុកអង្គការ WCS បានឱ្យដឹងថាយ៉ាងដូច្នេះថា៖ «នាពេលថ្មីៗកន្លងទៅនេះ ក្រុមការងារស្រាវជ្រាវ សត្វព្រៃនៃអង្គការ WCS បានរកឃើញសម្បុករបស់សត្វត្រដក់តូច (Lesser adjutant) ចំនួនពីរហ្វូង ដែលហ្វូងទី១៖ មានសម្បុកចំនួន ៥សម្បុក និងហ្វូងទី២៖ មាន ២សម្បុក»។

ក្រុមការងារបានចាប់ផ្តើមស្វែងរកសម្បុកសត្វត្រដក់តូច កាលពីដើមខែកញ្ញាកន្លងទៅ បន្ទាប់ពីក្រុមការពារសម្បុក សហគមន៍ បានយាមការពារសម្បុកសត្វត្រយងយក្សមួយសម្បុករហូតដល់កូនញាស់ហើរចេញដោយសុវត្ថិភាពកាលពីពីរបីសប្តាហ៍កន្លងទៅ។ រដូវពងកូនរបស់សត្វត្រដក់តូចចាប់ផ្តើម ពីខែកញ្ញា ដល់ខែវិច្ឆិកា។

សត្វត្រដក់តូច ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះជាសាកល។ បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានចាត់តាំងក្រុមការពារសម្បុកសហគមន៍ ឱ្យយាមការពារសម្បុកសត្វត្រដក់តូចទាំងអស់ ហើយក្រុមស្រាវជ្រាវសត្វព្រៃកំពុងស្វែងរកសម្បុកសត្វត្រដក់តូច បន្តទៀតដើម្បីការពារ។

តាមការប៉ាន់ស្មាន ចំនួនសត្វត្រដក់តូចកំពុងតែថយចុះយ៉ាងខ្លាំងបណ្តាលមកពីកត្តាគំរាមកំហែងផ្សេងៗ ជាពិសេសដោយសារមានការលួចប្រមូលយកពងនិងកូនត្រដក់តូចពីហ្វូងរបស់វា ការបាត់បង់ទីជម្រកសម្រាប់ធ្វើ សម្បុកពងកូន ការផ្លាស់ប្តូរនិងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មតាមបែប ប្រពលវប្បកម្ម។

ត្រដក់តូចក៏ទទួលរងការគំរាមកំហែងផងដែរ តាមរយៈសកម្មភាពដាក់ថ្នាំបំពុលក្នុងទឹកដើម្បីចាប់ត្រី។ កាលពីរដូវពងកូនឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសម្បុកត្រដក់តូចចំនួន ៤សម្បុក ក៏ប៉ុន្តែពងនៅក្នុងសម្បុកទាំងអស់មិនបានញាស់ទេ ដោយសារតែមានការរំខានពីមនុស្ស៕