(អាមេរិក)៖ ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិអាមេរិក គ្រោងនឹងបើកសវនានៅថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ ដើម្បីពិនិត្យឡើងវិញនូវ ពាក្យ បណ្ដឹងមួយដែលបានចោទប្រកាន់ក្រុមហ៊ុន Amazon ថាបានបញ្ឈប់បុគ្គលិកដើម្បីសងសឹង ដែលជាវាសកម្មភាពខុសច្បាប់។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងពាក្យបណ្ដឹង បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Amazon បានបណ្ដេញបុគ្គលិកចំនួនពីរនាក់គឺ Emily Cunningham និង Maren Costa ដោយបានចោទកាន់ថាបាន «រំលោភច្បាប់ផ្ទៃក្នុង» ម្ដងហើយម្ដងទៀតកាលពីខែមេសា ឆ្នាំ២០២០។ ក្រោយពីបណ្ដេញ អ្នកទាំងពីរ បាន ដាក់ពាក្យប្ដឹងថា ក្រុមហ៊ុន Amazon បានបណ្ដេញពួកគេដើម្បីសងសឹង ព្រោះពួកគេបានចូលរួមនៅក្នុងសកម្មភាពរិះគន់ចំពោះគោល នយោបាយការងារ របស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ បានទទួលពាក្យបណ្ដឹងរបស់ Emily Cunningham និង Maren Costa នៅខែតុលា ឆ្នាំ២០២០ និងបានធ្វើការស៊ើបអង្កេតទៅលើករណីនេះ ដោយនៅក្នុងពាក្យបណ្ដឹងក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Amazon បានរំលោភលើ ច្បាប់ ការងារសហព័ន្ធ។

Emily Cunningham និង Maren Costa បានបញ្ជាក់បន្ថែមទៀតថា ពួកគេបានចូលរួមក្នុងការបញ្ចេញមតិរិះគន់ទៅលើ ច្បាប់ការងារ របស់ ក្រុមហ៊ុន Amazon ដែលបានហាមឃាត់បុគ្គលិកមិនឱ្យនិយាយអំពីអាជីវកម្មរបស់ Amazon ដោយគ្មានការអនុញ្ញាត ឬយល់ព្រមពី អ្នកគ្រប់គ្រង់ និងបានដាក់សម្ពាធទៅលើសិទ្ធិសេរីភាពមួយចំនួនថែមទៀតផង។

ពាក្យព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រុមហ៊ុន Amazon លោក Jose Negrete បានប្រាប់ CNBC នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងគាំទ្ររាល់សិទ្ធិរបស់និយោជិកក្នុងការរិះគន់លក្ខខណ្ឌការងារ ប៉ុន្តែពួកគេមិនមានអភ័យឯកសិទ្ធិប្រឆាំងនឹងគោលនយោបាយផ្ទៃក្នុងណាមួយឡើយ។ យើងបានបញ្ឈប់បុគ្គលិកទាំងនេះមិនមែនដោយសារតែនិយាយអំពីលក្ខខណ្ឌការងារ ឬសុវត្ថិភាពនោះទេ ប៉ុន្តែយើងបញ្ឈប់ដោយសារតែការរំលោភគោលនយោបាយផ្ទៃក្នុងម្តងហើយម្តងទៀត»