(ប៉ារីស)៖ សារព័ត៌មានបារាំង France 24 ដែលបានចេញផ្សាយនៅថ្ងៃនេះបញ្ជាក់ថា សំណើទិញយក Saint-Étienne ក្នុងតម្លៃ ១០០លានអឺរ៉ូរបស់សែរាជវង្សកម្ពុជាមួយអង្គ គឺទ្រង់ នរោត្តម រ៉ាវីចក្រ នឹងជួយសង្គ្រោះក្លិបយក្សនៅបារាំងមួយនេះឲ្យបានរុងរឿងឡើងវិញដូចកាលពីមុន។

បន្ទាប់ពីការចាប់ផ្តើមយ៉ាងរតាក់រតុប និងយ៉ាងវេទនានៅរដូវកាលនេះ Saint-ientienne កំពុងឈរនៅលេខ២ ពីបាតតារាងក្នុងលីគកំពូលបារាំង Ligue 1 ឬនិយាយដោយសាមញ្ញ ស្ថិតនៅក្នុងតំបន់កាត់ចោល។ ប៉ុន្តែ សែរាជវង្សកម្ពុជា អាចនឹងមកជួយសង្គ្រោះក្លិបនេះ។

ទ្រង់ នរោត្តម រ៉ាវីចក្រ ដែលជាក្មួយប្រុសរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចូលរួមដេញថ្លៃទិញក្លិបជើងឯក ១០សម័យកាលនៅបារាំង ដែលជាក្លិបត្រូវបានគេស្គាល់ជាទូទៅថា Les Verts (ពណ៌បៃតង) ដោយសារតែអាវយឺតពណ៌បៃតង ដ៏ល្បីល្បាញរបស់ពួកគេ។

ទ្រង់ នរោត្តម រ៉ាវីចក្រ ដែលមានវ័យ ៤៧ឆ្នាំ បានប្រាប់វិទ្យុបារាំង RFI នៅសប្តាហ៍នេះថា «ខ្ញុំជាបេក្ខជនម្នាក់ក្នុងការទិញយក Saint-Etienne» ដោយទ្រង់សន្យាថានឹង «មើលថែ Saint-Etienne ឱ្យបានល្អ និងសន្យាវិនិយោគរយៈពេលវែង» នៅក្នុងក្លិបផងដែរ។

Saint-Etienne កំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយបើមិនមានដំណោះស្រាយទេ ក្លិបនឹងអាចនឹងធ្លាក់ទៅកាន់លីគទី២ របស់បារាំងវិញ ខណៈដែលខ្លួនក៏កំពុងស្ថិតក្នុងលេខរៀងទី១៩ ក្នុងចំណោមក្លិបទាំង២០ នៃលីគទី១ របស់បារាំងទៅហើយ និងបានដាក់លក់តាំងពីដើមខែមេសា ឆ្នាំ២០២១មកម្ល៉េះ។

នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើចំនួន ១០០លានអឺរ៉ូ ក្នុងការបញ្ជាក់ពីបំណងធ្វើជាម្ចាស់ក្លិប Saint-Etienne ហើយបើគ្មានការប្រែប្រួលទេ កិច្ចចរចានឹងកើតឡើងឆាប់ៗនេះ ស្របពេលដែលអ្នកគាំទ្រក្លិប ក៏បង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះដំណឹងនេះទៀតផង៕