(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី បានចាប់ដៃគូសហការលើមុខជំនាញជាមួយ លោកស្រី សួស វិហ្សា និងលោក ថម មី ពង្រីកមុខជំនួញលើផលិតផលអាហារបំប៉នសុខភាព សារាយសមុទ្រ NNP។ កម្មវិធីចុះអនុស្សារណៈយោគយល់គ្នា ក្នុងការចាប់ដៃគូសហការនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាពិធីចុះអនុស្សរណៈនាថ្ងៃដដែលនោះ លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា លោកស្រី សួស វិហ្សា និងលោក ថម មី បានបោះទុនជាងកន្លះលានដុល្លារ ជាជំហានដំបូងនៅក្នុងចាប់ដៃគូសហការលក់អាហារបំប៉នសុខភាព សារាយសមុទ្រ NNP។ លោកស្រី បានបន្ថែមថា នេះគ្រាន់តែជាការបោះទុនរួមគ្នាជាជំហានដំបូងទេ ទៅថ្ងៃខាងមុខអាចនឹងមានការបោះទុនថែមទៀត លើមុខជំនួញមួយនេះ ។

អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ដែលត្រូវបានមហាជនស្គាល់លើវិថីអ្នកលក់ online រូបនេះ ក៏បានបញ្ជាក់ថា ការចាប់ដៃគូសហការរបស់លោកស្រី ជាមួយ លោកស្រី សួស វិហ្សា និងលោក ថម មី នាពេលនេះ គឺលោកស្រី បានសម្រេចចិត្តយ៉ាងច្បាស់លាស់ ហើយក៏បានសំឡឹងមើលទស្សនៈវិស័យរបស់គូ ស្វាមី ភរិយាមួយគូរនេះជាយូរមកហើយ។ ចំណុចសំខាន់ដែលធ្វើឲ្យលោកស្រី ទ្រី ដាណា ចាប់ដៃគូរកស៊ីទ្រង់ទ្រធំជាមួយ លោកស្រី សួស វិហ្សា និងលោក ថម មី នេះ ក៏ដោយសារតែលោកស្រី មើលឃើញថា អ្នកទាំងពីរមានឆន្ទៈ ការតស៊ូ និងសំខាន់មានទស្សនៈវិស័យក្នុងការរកស៊ីដូចគ្នាជាមួយលោកស្រីដែរ។

លោក ថម មី ដែលគ្រប់គ្នាស្គាល់ថា ជាតារាសម្តែង ហើយក៏ជាពិធីករដ៏ល្បី១រូបក្នុងវិស័យសិល្បៈ ហើយថ្មីៗក៏ផ្ទុះការគាំទ្រក្នុងការឡាយលើបណ្តេញសង្គម Facebook ដោយសារលោកពូកែសម្តែងកំប្លែងនោះ ក៏បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបោះទុនខ្ទង់កន្លះលានដុល្លារនេះ គឺគ្រាន់តែជាជំហានចាប់ផ្តើមនោះទេ នៅមានការចាប់ដៃគូរកស៊ីលើផលិតផលផ្សេងៗទៀតជាមួយ ក្រុមហ៊ុន ដាណាទ្រី។ មូលហេតុដែលលោក និងភរិយា សម្រេ ចចិត្តចាប់ដៃគូសហការជាមួយលោកស្រី ទ្រី ដាណា គឹដោយសារថា ផលិតផលសារាយសមុទ្រ NNP ជាប្រភេទអាហារបំប៉នសុខភាពរបស់ប្រជាពលរដ្ឋទូទៅ ហើយសុខភាពគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

បន្ថែមពីលើអ្វីដែលស្វាមី បានលើកឡើងនោះ តារាចម្រៀង សួស វីហ្សា ក៏បានបញ្ជាក់ដែរថា ក្រៅពីមើលឃើញថា អាហារបំប៉នសុខភាព សារាយសមុទ្រ NNP របស់ក្រុមហ៊ុន ដាណាទ្រី មានគុណភាពល្អហើយនោះ លោកស្រី ក៏បានសំលឹងឃើញពីភាពស្របច្បាប់លើផលិតផលនេះផងដែរ។ កត្តាសំខាន់មួយទៀត គឺលោកស្រី មានទំនុបចិត្តលើម្ចាស់ក្រុមហ៊ុនផ្ទាល់ គឺលោកស្រី ទ្រី ដាណា ជាបុគ្គលម្នាក់ដែលមានទំនួលខុសត្រូវលើការរកស៊ី ស្មោះត្រង់ ដែលអាចឲ្យលោកស្រី និងស្វាមី សម្រេចបោះទុនរាប់ម៉ឺនដុល្លារជាមួយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី ដែលមានលោកស្រី ទ្រី ដាណា ជាអគ្គនាយិកា បានឈរជើងលើវិស័យ Online ជាង៣ឆ្នាំមកហើយ លើការលក់ផលិតផលជាច្រើនមុខ រហូតមកដល់ពេលនេះ ក្រុមហ៊ុន ដាណាទ្រី បានដំណើរការប្រេនលក់គ្រឿងសំអាងរបស់ខ្លួនចំនួន៣ ក្នុងនោះ មាន ប្រេន NNP ប្រេន NUNA ប្រេន CTM ហើយថ្មីៗនេះ ពោលគឺមិនដល់១ឆ្នាំផង ក៏បាននាំចូលអាហារបំប៉នសុខភាព សារាយសមុទ្រ NNP លក់លើទីផ្សារផងដែរ។ ក្រៅពីជំនួញលក់គ្រឿងសំអាង និងអាហារបំប៉នសុខភាព លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ក៏មានហាងលក់ មាស ពេជ្រ ដ៏ធំមួយទៀតកំពុងបើកដំណើរការ និងមានការគាំទ្រពីអតិថិជនផងដែរ៕