(បាត់ដំបង)៖ អតីតតារាសម្ដែងចូលចិត្តលេងខ្លួនសិចស៉ី កញ្ញា សេង សូណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានប្រកាសជាសាធារណៈថា នាងបានឆ្លងជំងឺកូវីដ-១៩ នៅកំពុងតែជួបប្រទះនូវការខ្វះខាតខ្លាំង រហូតធ្លាក់ខ្លួនដុនដាបក្នុងកម្រិតជីវភាពមួយស្ទើរតែហៅលែងឮ ខណៈសម្រស់របស់នាងក៏ប្រែប្រួលខុសពីពេលមុនឆ្ងាយ។

អតីតតាសម្ដែង សេង សូណា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅរសៀលនេះថា ជាការពិតរូបនាងបានឆ្លងជំងឺកូវីដ-១៩ រយៈពេលជាងមួយសប្ដាហ៍មកហើយ ប៉ុន្តែពេលព្យាបាលនៅផ្ទះ គឺពុំមានអ្វីកើតឡើងធ្ងន់ធ្ងរ គួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងប្រែប្រួល ជាពិសេសគឺផ្ទៃមុខឡើងជាំមើលស្ទើរតែមិនស្គាល់នោះ គឺពេលរូបនាងសម្រេចមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសម្ដេចឪ ខេត្តបាត់ដំបង។

សេង សូណា បន្តទៀតថា បន្ទាប់ពីជួបប្រទះនូវជំងឺដ៏កាចសាហាវនេះហើយ រូបនាងពេលនេះ ក៏កំពុងជួបនូវបញ្ហាខ្វះខាតយ៉ាងខ្លាំង ជាពិសេសសម្ភារៈដែលត្រូវប្រើប្រាស់ អំឡុងពេលសម្រាកព្យាបាល ខណៈដែលស្ថានភាពជំងឺរបស់នាង ក៏មិនសូវអំណោយផល។ យ៉ាងណាមិញ បន្ទាប់ពីត្អូញត្អែពីការខ្វះខាតរួចមក នាងក៏បានទទូចដល់សប្បុរសជន ជាពិសេសអ្នកសិល្បៈដូចគ្នា មេត្តាជួយដល់រូបនាង ទោះតិចក្ដីច្រើនក្ដី ដើម្បីសម្រួលដោះស្រាយដល់ការលំបាកនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នអតីតតារាសម្ដែង សេង សូណា កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យសម្ដេចឪ ក្នុងខេត្តបាត់ដំបង ហើយបើមានសប្បុរសជនណា ចង់ជួយដល់រូបនាងអាចទំនាក់ទំនងតាមរយៈលេខ ០៨៧ ៣៣៣៣ ៤៩ ឬ ABA ០៨៧ ៣៣៣៣ ៤៩៕