(អាមេរិក)៖ មហាសេដ្ឋី Elon Musk បានប្រកាសថា លោកបានចែកផ្លូវគ្នាជាមួយសង្សារហើយ គឺនាង Grimes ដែលជាតារាសម្តែងដ៏មានប្រជាប្រិយ សញ្ជាតិកាណាដា, នេះបើតាមការផ្សាយដោយ BBC នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា។

CEO របស់ក្រុមហ៊ុន The SpaceX និង Tesla បានប្រាប់ Page Six យ៉ាងដូច្នេះថា «រូបលោកនៅតែស្រឡាញ់គ្នា ជួបគ្នាជារឿយៗ និងស្ថិតក្នុងលក្ខខណ្ឌដ៏ល្អ»។

ភាពរវល់នឹងការងាររៀងៗខ្លួនរបស់ពួកគេ តែងតែធ្វើឲ្យអ្នកទាំងពីរ នៅឃ្លាតពីគ្នាក្នុងរយៈពេលយ៉ាងយូរជានិច្ច។ Grimes មិនទាន់ធ្វើអត្ថាធិប្បាយ អំពីស្ថានភាពនៃទំនាក់ទំនងរបស់នាង ជាមួយលោក Musk នៅឡើយទេ។

គូស្នេហ៍មួយគូនេះ បានចាប់ផ្តើមណាត់ជួបគ្នា នៅឆ្នាំ២០១៨ និងមានកូនដំបូង ដែលមានឈ្មោះថា X Æ A-Xii កាលពីខែឧសភា ឆ្នាំ២០២០។ លោក Musk បាននិយាយថា លោក និងគូស្នេហ៍មានបំណងបន្តការចិញ្ចឹមបីបាច់ថែរក្សាកូន ទោះបីចែកផ្លូវគ្នាក៏ដោយ។

លោក Musk បានប្រាប់ Page Six ថា «ភាគច្រើនការងាររបស់ខ្ញុំនៅ SpaceX និង Tesla តម្រូវឲ្យខ្ញុំមានការងារនៅរដ្ឋតិចសាស់ ឬធ្វើដំណើរទៅក្រៅប្រទេស ហើយការងាររបស់គូស្នេហ៍ខ្ញុំ គឺនៅ LA ជាចម្បង»

កាលពីមុន លោក Musk បានរៀបការជាមួយអ្នកនិពន្ធជនជាតិកាណាដាម្នាក់ ឈ្មោះ Justine Wilson ហើយមានកូនប្រុស ៥នាក់ គឺកូនភ្លោះ ២នាក់រួមមាន Griffin និង Xavier អាយុ ១៧ឆ្នាំ ខណៈកូនភ្លោះ ៣នាក់ទៀតរួមមាន Damian, Saxon និង Kai អាយុ ១៥ឆ្នាំ។

លោកក៏បានរៀបការលើកទី២ ជាមួយតារាសម្តែង Talulah Riley ដោយលើកដំបូងនៅឆ្នាំ២០១០ ប៉ុន្តែបានលែងលះគ្នានៅឆ្នាំ២០១២ និងបានផ្សះផ្សាគ្នាមួយឆ្នាំក្រោយមក ហើយរៀបការម្តងទៀតនៅឆ្នាំ២០១៣ មុនលែងលះគ្នាសារជាថ្មីនៅឆ្នាំ២០១៦៕