(ភ្នំពេញ)៖ លោក ជាម សុភា តំណាងលោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញាបាននាំយកនូវសម្ភារៈមួយចំនួន ក្រោមការឧបត្ថម្ភរបស់ប្រធានសហព័ន្ធ ដើម្បីប្រគល់ជូនឲ្យក្រុមជម្រើសជាតិកីឡាវាយសីកម្ពុជា ដែលត្រៀមបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាដើមខែក្រោយ។
អគ្គលេខាធិការសហព័ន្ធខាងលើបានបញ្ជាក់ថា អំណោយរបស់លោកឧត្តមសេនីយ៍ឯក លី កុសល រួមមានគ្រាប់សីចំនួន ១កេស ស្មើនឹង ៥០បំពង់, ម៉ាស៊ីនវ៉ាស់កម្ដៅ ១គ្រឿង រួមទាំងអាល់កុល ម៉ាស់ និងសម្ភារៈមួយចំនួនទៀត ដែលសរុបជាថវិកាប្រមាណ ៧០០ដុល្លារ សម្រាប់បម្រើឲ្យការបិទខ្ទប់ហ្វឹកហាត់រយៈពេល ៣ខែ នៅពហុកីឡដ្ឋានជាតិមរតកតេជោ របស់ក្រុមជម្រើសជាតិកីឡាវាយសីកម្ពុជា ចាប់ពីថ្ងៃទី០១ ខែតុលាតទៅ។
លោក សំ ប៊ុនណារិទ្ធ គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាវាយសីកម្ពុជា ក្នុងនាមតំណាងកីឡាករ-កីឡាការិនីទាំងអស់ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំសហព័ន្ធ ពិសេសលោកឧត្តមសេនីយ៍ឯក លី កុសល ដែលតែងយកចិត្តទុកដាក់ សួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ហើយតែងឧបត្ថម្ភជាប្រចាំនូវសម្ភារៈហ្វឹកហាត់ ដើម្បីជំរុញឲ្យក្រុមជម្រើសជាតិទទួលបានភាពកក់ក្ដៅ និងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។
ឆ្លើយតបជាមួយការយកចិត្តទុកដាក់ខាងលើ គ្រូបង្វឹកដដែល បានប្ដេជ្ញានឹងព្យាយាមឲ្យអស់ពីលទ្ធភាព ក្នុងការដឹកនាំ និងបង្ហាត់កីឡាករ-កីឡាការិនី អំឡុងពេលបិទខ្ទប់ហ្វឹកហាត់នាពេលដ៏ខ្លីខាងមុខ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមឆ្ពោះទៅការប្រកួតអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ លើសពីនេះ ក្រុមការងារជម្រើសជាតិទាំងអស់ ក៏នឹងផ្ដោតការគោរពវិធានការសុខាភិបាល តាមការណែនាំរបស់ថ្នាក់ដឹកនាំសហព័ន្ធ ពិសេសរាជរដ្ឋាភិបាល ដើម្បីធានា និងការពារនូវការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។
លោកឧត្តមសេនីយ៍ទោ ជាម សុភា បានឲ្យដឹងថា សមាសភាពក្រុមជម្រើសជាតិកីឡាវាយសីកម្ពុជា ដែលត្រៀមប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទខ្ទប់ នៅទីតាំងកម្ពុជាត្រៀមរៀបចំពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងលើ សរុបមានចំនួន ២១នាក់ រួមមានកីឡាករ-កីឡាការិនី ១៦នាក់(ស្រី ៣នាក់) រួមទាំងគ្រូបង្វឹក និងគ្រូជំនួយ ៥នាក់ ក្នុងនោះមានគ្រូបង្វឹកបរទេសម្នាក់ ដែលការបោះជុំរុំហ្វឹកហាត់នេះ ធ្វើឡើងដោយមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC ផងដែរ៕