(ភ្នំពេញ)៖ នៅមុននេះបន្ដិច ក្លិបបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក លោក Colum Curits ហើយ ស្របពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ កំពុងមានការប្រកួតប្រជែងខ្លាំង។

តាមការជូនដំណឹងរបស់ក្រុមសេះជំទង់នេះបានឲ្យដឹងថា ក្លិបបានឈានដល់ការចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអៀកឡង់ខាងលើ បន្ទាប់ពីមានការព្រមព្រៀងគ្នា តែក្លិបពុំបានបញ្ជាក់អំពីមូលហេតុនោះទេ។

លោកគ្រូ Colum Curtis បានចូលរួមជាមួយក្រុមវិសាខា កាលពីដើមរដូវកាលឆ្នាំ២០២០ ដោយជួយឲ្យក្រុមទទួលបានត្រឹមចំណាត់ថ្នាក់លេខ៥ ក្នុងលីគ និងគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជាប្រវត្តិសាស្ដ្ររបស់ខ្លួន។

ដោយឡែកក្នុងរដូវកាលឆ្នាំ២០២១ នេះ គ្រូបង្វឹកក្មេងជាងគេរូបនេះបានដឹកនាំក្រុមយ៉ាងល្អ ដោយបញ្ចប់ការប្រកួតលីគជុំទី១ ជាមួយកំណត់ត្រាមិនស្គាល់ចាញ់សោះ ១២ប្រកួត ឈ្នះ ៨ និងស្មើ ៤ ខណៈគិតត្រឹមជ័យជម្នះ ១-០ លើក្រុមណាហ្គាវើលដ៏ពីម្សិលមិញ វិសាខា កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៣១ពិន្ទុស្មើក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន៕