(ភ្នំពេញ)៖ ជំងឺរលាកថ្លើម ប្រភេទបេ (Hepatitis B) ជាជំងឺដែលបង្កឡើងដោយវីរុស ហើយធ្វើឲ្យថ្លើមងាយនឹងចុះខ្សោយ បើព្យាបាលមិនទាន់ពេលវេលា នឹងវិវឌ្ឍទៅជាជំងឺមហារីក គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត។

តាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះថា «ដើម្បីកុំឲ្យជំងឺរលាកថ្លើមប្រភេទបេ វិវឌ្ឍទៅជាជំងឺរលាកថ្លើមរាំរៃ ឲ្យទៅជាជំងឺក្រិនថ្លើម និងជំងឺមហារីកថ្លើម យើងអាចទប់ស្កាត់ និងលុបបំបាត់វីរុសរលាកថ្លើមបេ តាមរយៈការធ្វើតេស្តឈាមរកវីរុសថ្លើមបេ និងការចាក់វាក់សាំងបង្ការ»។

លោកវេជ្ជបណ្ឌិតឯកទេសរូបនេះ បានបន្ដថា ការធ្វើតេស្តរកវីរុសរលាកថ្លើមបេ ដើម្បីដឹងពីដំណាក់កាល ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា ព្រោះវីរុសរលាកថ្លើមបេ គឺជាឃាតករលាក់មុខ ហើយវាជាមូលហេតុចំបងមួយនៃជំងឺក្រិនថ្លើម និងមហារីកថ្លើម។

លោកវេជ្ជបណ្ឌិតឯកទេសរូបនេះ បានបន្ដថា «មកដល់បច្ចុប្បន្ន មិនទាន់មានការព្យាបាលប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយដូចការរលាកថ្លើមសេនៅឡើយទេ។ ផ្ទុយទៅវិញ យើងអាចទប់ស្កាត់ និងលុបបំបាត់វីរុសរលាកថ្លើមបេ តាមរយៈការធ្វើតេស្តឈាមរកវីរុសថ្លើមបេ និងការចាក់វាក់សាំងបង្ការ។ ដូច្នេះបុគ្គល ដែលចាំបាច់ត្រូវធ្វើតេស្តរកវីរុសរលាកថ្លើមបេរួមមាន៖

*បុគ្គលណាដែលមានសមាជិកគ្រួសាររស់នៅជាមួយគ្នាមានរលាកថ្លើមប្រភេទ បេ
*រាល់ស្ត្រីមានគភ៌
*ទារកដែលម្តាយមានរលាកថ្លើមប្រភេទ បេ
*បុគ្គលិកសុខាភិបាល ដែលប្រឈមមុខនឹងការប៉ះពាល់ឈាម
*អ្នកជំងឺទាំងឡាយណាដែលធ្វើតេស្តឈាម ឃើញមានការឡើងជាតិពុលថ្លើម
*អ្នកជំងឺរលាកថ្លើមប្រភេទ សេ ឬ អ្នកជំងឺផ្ទុកមេរោគ HIV
*អ្នកធ្វើការបរិច្ចាគឈាម ក៏ដូចជាសរីរាង្គផ្សេងៗ
*អ្នកជំងឺខ្សោយតំរងនោមដំណាក់កាលលាងឈាម
*អ្នកជំងឺទាំងឡាយណាដែលទទួលការព្យាបាលថ្នាំគីមី ដោយសារជំងឺមហារីកផ្សេងៗ -ល-។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានឱ្យដឹងថា ជំងឺថ្លើមប្រភេទ បេ ជាជំងឺដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់ ដែលមានអត្រា ១០% នៃប្រជាជនកម្ពុជា។ ជំងឺនេះធ្វើឲ្យរលាកសាច់ថ្លើមនិងវិវត្តន៍ទៅរកសភាពក្រិនថ្លើមជាពិសេសវាអាចវិវត្តន៍ទៅជាមហារីកថ្លើម ដែលអាចប៉ះពាល់ដល់អាយុជីវិត ហើយវាជាឃាតករដ៏ស្ងៀមស្ងាត់ ព្រោះថាជាទូទៅ៨០ ទៅ ៨៥ភាគរយនៃអ្នកជំងឺ គ្មានរោគសញ្ញាអាចឲ្យយើងបានដឹងជាមុននោះទេ ហើយភាគច្រើននៃអ្នកជំងឺ គឺបានមកពិនិត្យ ពិគ្រោះ និងជួបវេជ្ជបណ្ឌិតឯកទេស ក្នុងតំណាក់កាលក្រិន ឫក៏មានផល លំបាកនៃការរលាករាំរៃនេះបាត់ទៅហើយ ។

១៖ រោគសញ្ញា៖
រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺ គឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន) និងដំណើរការនៃមុខងាររបស់ថ្លើមអ្នកជំងឺ។ នេះគឺជាសញ្ញាមួយចំនួន ហើយមានតែ ១០-១៥ភាគរយប៉ុណ្ណោះនៃអ្នកជំងឺថ្លើមប្រភេទ បេ ដែលស្តែងចេញ (មានការប៉ះពាក់មុខងារថ្លើមលើសពី ៧០% ឡើងទៅ)៖
*ការហេវហត់ ចុះខ្សោយកំលាំង
*ឡើងលឿងភ្នែក និងស្បែក
*មានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយធំ
*ការវង្វេងស្មារតីដោយការឡើងជាតិពុលក្នុងខ្លួន
*មានការហើមជើងជាដើម...។

២៖ ការធ្វើរោគវិនិច្ឆ័យ៖
មានតែការពិនិត្យឈាមប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺនេះបាន ដោយការរកមេរោគ និងរាប់ចំនួនមេរោគ (Ag Hbs, Ac Hbs, Ac Hbc និងPCRHBV), ការធ្វើអេកូពោះពិនិត្យមើលសភាពទូរទៅរបស់ថ្លើម និងស្គែនភាពរឹងរបស់សាច់ថ្លើម គឺសុទ្ធតែ ជាព័ត៌មានសំខាន់ៗសម្រាប់វេជ្ជបណ្ឌិតឯកទេសក្នុងការកំណត់ និងវាយតម្លៃតំណាក់កាលនៃជំងឺនេះ មុននឹងឈានទៅដល់ការព្យាបាលនោះ។

៣៖ ការចម្លងរោគ៖ មេរោគនេះអាចឆ្លងតាមរយៈ
*ការប៉ះពាល់ឈាមអ្នកជំងឺថ្លើមប្រភេទ បេ
*ពីម្តាយដែលមានផ្ទុកមេរោគទៅកូន (អំឡុងមានផ្ទៃពោះ និងសម្រាល)
*ការរួមភេទ
*ការប្រើប្រាស់សម្ភារ ឬវត្ថុមុតស្រួចរួមគ្នា ដែលមានការដាច់រលាត់ចេញឈាម (កន្ទ្រៃកាត់ក្រចក, ច្រាស់ដុះធ្មេញ, កន្ទ្រៃកាត់សាច់, ម្ជុលចាក់...)

៤៖ វិធីការពារ
ជំងឺថ្លើមប្រភេទបេជាជំងឺមួយដែលយើងអាចចៀសផុត និងការពារបានតាមរយៈការចាក់វ៉ាក់សាំងការពារមេរោគថ្លើមប្រភេទបេ ។ជាទូទៅការចាក់វ៉ាក់សាំងនេះមានចំនួន ៣ដង ហើយយើងត្រូវពិនិត្យឈាមដើម្បីបញ្ជាក់ច្បាស់ថា ខ្លួនរបស់យើ់ងមានប្រព័ន្ធការពារមេរោគនេះពីការចម្លង។

៥៖ វិធីព្យាបាល
ជំងឺរលាកថ្លើមប្រភេទ បេ អាចព្យាបាលជាសះស្បើយ ដោយតម្រូវឲ្យព្យាបាលរយៈពេលយូរ (៣-៥ឆ្នាំ) ដោយតម្រូវពិសារថ្នាំឲ្យបានទៀងទាត់ តាមដានជំងឺជាប់លាប់ដោយគោរពតាមការណាត់របស់គ្រូពេទ្យ។ ការព្យាបាលប្រសើរបំផុត គឺនៅដំណាក់កាល ថ្លើមមិនទាន់ក្រិន ឫមិនមានដុំមហារីកសាច់ថ្លើម ចៀសវាងបណ្តែតបណ្តោយឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល៕