(ម៉ានឆេស្ទឺ)៖ កីឡាករ Marcus Rashford បានលើកឡើងនៅថ្ងៃចន្ទនេះថា លោករំពឹងថា នឹងវិលត្រឡប់មកវិញឆាប់ៗនេះ ក្នុងការហ្វឹកហាត់តិចៗ ជាមួយក្លិប Manchester United ដោយសារលោកបន្តជាសះស្បើយ ពីការវះកាត់ស្មារបស់លោក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ មិនទាន់បានចូលរួមប្រកួតនៅឡើយនោះទេ នៅរដូវកាលនេះ បន្ទាប់ពីទទួលការវះកាត់ កាលពីខែមុន។

កីឡាករវ័យ២៣ឆ្នាំរូបនេះ បានបង្ហោះសារ លើ Twitter ថា «រីករាយថ្ងៃចន្ទ។ ខ្ញុំទៅជួបគ្រូពេទ្យ កាលពីថ្ងៃសុក្រ ដើម្បីពិគ្រោះយោបល់។ គ្រប់យ៉ាងគឺល្អ, ខ្ញុំនឹងទទួលបានភ្លើងខៀវ ដើម្បីចូលរួមជាមួយការហ្វឹកហាត់ម្តងទៀត»។

ដោយបានលេងទាំងមានបញ្ហាស្មាជាច្រើនប្រកួត កាលពីរដូវកាលមុន, Rashford បានសម្រេច ក្រោយពីចូលរួមយុទ្ធនាការ Euro 2020 របស់ក្រុមអង់គ្លេស ថាលោកនឹងទៅទទួលការវះកាត់។

ការវះកាត់ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ហើយកីឡាករ Rashford បានលើកឡើងថា «គ្រប់យ៉ាងបានដំណើរការល្អ»។

លោកបានខកខានការប្រកួតចំនួន៨លើក នៅក្នុងការប្រកួតទាំងអស់ គិតរហូតមកដល់ពេលនេះ នៃរដូវកាលនេះ សម្រាប់ក្លិប United។ លោកក៏បានខកខាន ការប្រកួតវគ្គជម្រុះ World Cup សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស តទល់នឹងក្រុមហុងគ្រី, អង់ដូរ៉ា និងប៉ូឡូញផងដែរ៕