(អ៊ូឡានបាតា)៖ នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrai Oyun-Erdene នៅថ្ងៃចន្ទបានផ្តល់ប្រាក់រង្វាន់ជូនអត្តពលិក ដែលឈ្នះមេដាយ នៅឯព្រឹត្តិការណ៍ Tokyo 2020 Olympic និង Paralympic Games រួមទាំងគ្រូបង្វឹករបស់ពួកគេ ជាមួយនឹងប្រាក់រង្វាន់ និងផ្ទះផងដែរ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួចេញផ្សាយនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

អនុលោមតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល អត្តពលិកលើកទម្ងន់ Enkhbayar Sodnompiljee ដែលដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសាទម្ងន់ ១០៧គីឡូក្រាមផ្នែកបុរស នៅឯព្រឹត្តិការណ៍ Tokyo Paralympic Games ទទួលបានប្រាក់រង្វាន់ ១២០លានធើករីកម៉ុងហ្គោលី (៤៣,១០០ដុល្លារ) និងផ្ទះដែលមាន ៣បន្ទប់។

ជាមួយគ្នានោះ អត្តពលិកយូដូ សញ្ជាតិម៉ុងហ្គោលី កើតនៅអ៊ីរ៉ង់ Saeid Mollaei ដែលបានឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសាទម្ងន់ ៨១គីឡូក្រាមផ្នែកបុរស នៅឯ Tokyo Olympics នោះ បានទទួលប្រាក់រង្វាន់ ៦០លានធើករីកម៉ុងហ្គោលី (២១,១០០ដុល្លារ) និងផ្ទះមាន ២បន្ទប់ផងដែរ។

អត្តពលិកយូដូ Munkhbat Urantsetseg និងអត្តពលិក Tsend-Ochir Tsogtbaatar ដែលទទួលបានមេដាយសំរឹទ្ធ ក្នុងវិញ្ញាសាទម្ងន់ ៤៨គីឡូក្រាមផ្នែកស្ត្រី និង ៧៣គីឡូក្រាមផ្នែកបុរសនោះ ក្នុងម្នាក់ៗបានទទួលប្រាក់រង្វាន់ ៣០លានធើករីកម៉ុងហ្គោលី (១០,៥០០ដុល្លារ) ជាមួយនឹងផ្ទះមាន ២បន្ទប់។

ដោយឡែក គ្រូបង្វឹកអត្តពលិកដែលដណ្តើមបានមេដាយ បានទទួលប្រាក់រង្វាន់ ៤៥លានធើករីកម៉ុងហ្គោលី (១៥,៧០០ដុល្លារ) ពីរដ្ឋាភិបាល៕