(អាមេរិក)៖ បន្ទាប់ពីបង្ហាញវត្តមាន នៅមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ កាលពីពេលថ្មីៗនេះរួចមក នៅពេលនេះក្រុមចម្រៀង K-POP ល្បី BTS បានប្រកាសថា ពួកគេនឹងរៀបចំការប្រគំតន្ត្រី ដែលមានការចូលរូមទស្សនាដោយផ្ទាល់ (មិនមែនធ្វើតាមអនឡាញ) រយៈពេល៤ថ្ងៃ មានទីតាំងនៅពហុកីឡាដ្ឋាន SoFi Dtadium ក្នុងទីក្រុង Los Angeles។ នេះជាការប្រគំតន្ត្រីលើកដំបូងហើយ របស់ BTS ក្នុងរយៈពេល២ឆ្នាំមកនេះ បន្ទាប់ពីមានវិបត្តិកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

banner

ផលិតកម្ម BigHit Music ដែលជាផលិតកម្មរបស់ BTS បានចេញសេចក្តីប្រកាសថ្មីមួយ ដោយបញ្ជាក់ថា ពួកគេបានធ្វើការពិចារណា និងគិតគូរយ៉ាងល្អិតល្អន់ នៃការរៀបចំការប្រគំតន្រ្តីនៅ Los Angeles ដោយផ្អែកលើគោលការសុវត្ថិភាពផ្នែកសុខភាព សម្រាប់សិល្បករទាំងអស់ និងក្រុមការងារផ្ទាល់។ ការប្រគំតន្រ្តីនេះ នឹងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា និងថ្ងៃទី០១-០២ ខែធ្នូ។

គួរជម្រាបថា SoFi Stadium គឺជាពហុកីឡដ្ឋានជាតិដ៏ថ្មីបំផុតមួយ ក្នុងចំណោមពហុកីឡដ្ឋានដទៃទៀត ក្នុងទីក្រុង Los Angeles ដែលបានបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២០។ ពហុកីឡដ្ឋាននេះ ក៏គ្រោងនឹងរៀបចំបើកការប្រកួតកីឡាអូឡាំពិក នារដូវក្តៅឆ្នាំ២០២៨ ផងដែរ៕