(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងផ្គូផ្គងគូប្រកួតកាន់តែជក់ចិត្តលើសង្វៀន Ultimate Boxing Championship 2021 (UBC-2021) ដោយសហព័ន្ធនឹងរៀបចំគូដណ្ដើមប្រាក់លានលើកដំបូងនៅសប្ដាហ៍ទី៣ បន្ទាប់ពីទទួលបានជោគជ័យផ្ទួនៗ ពិសេសការប្រកួតសប្ដាហ៍ទី២ កាលពីចុងសប្ដាហ៍កន្លងទៅ ដែលដំណើរការប្រកួតយ៉ាងរលូន និងមិនមានគូប្រកួតឈ្នះ-ចាញ់ដោយសន្លប់ឡើយ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងការសម្រិតសម្រាំងលើការផ្គូផ្គង បានជំរុញឲ្យការប្រកួតសប្ដាហ៍ទី២ កន្លងទៅបញ្ចប់ដោយជោគជ័យ និងមានភាពទាក់ទាញ ព្រោះគូប្រកួតនីមួយៗ មានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នា។ ការផ្គូផ្គងកាន់តែល្អប្រសើរនេះបានជំរុញឲ្យសហព័ន្ធត្រៀមរៀបចំការប្រកួតកាន់តែពិសេសថែមទៀត នៅសប្ដាហ៍ក្រោយៗ ពិសេសការរៀបចំនូវគូដណ្ដើមប្រាក់លានតែម្ដង។

លោកថា «ដូចការរៀបចំផ្គូផ្គងនៅសប្ដាហ៍ទី២ នេះ យើងឃើញថា ល្អប្រសើរជាងមុន ហើយអ្វីដែលយើងនឹងរៀបចំឲ្យកាន់តែទាក់ទាញសម្រាប់លើកទី៣ នាថ្ងៃទី១០ ខែតុលា យើងនឹងមានការរៀបចំជាគូដណ្ដើមប្រាក់លាន...។ គូដណ្ដើមប្រាក់លាននេះ យើងនឹងរៀបចំការប្រកួតសន្សំពិន្ទុ សម្រាប់ប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ដោយយើងមានបេក្ខភាពកីឡាករជម្រើសជាតិ ៤រូប ដើម្បីធ្វើការប្រកួតវិលជុំ ស្មើនឹង ៤សប្ដាហ៍ ដើម្បីស្វែងរកកីឡាករជយលាភី»។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «សម្រាប់គូដណ្ដើមប្រាក់លាននេះ គឺយើងរៀបចំ ដើម្បីផ្ដល់ឱកាសដល់ក្រុមជម្រើសជាតិ ដោយសារពួកគាត់ទាំង ៤រូបហ្នឹង សុទ្ធតែជាកីឡាករជម្រើសជាតិ។ ដូច្នេះយើងផ្ដល់ឱកាសឲ្យពួកគាត់ប្រកួតឲ្យបានច្រើន មានន័យថា ក្នុងកីឡាករម្នាក់ ពួកគាត់ត្រូវប្រកួតវគ្គជម្រុះ គឺ ៣ប្រកួត ដើម្បីឲ្យពួកគាត់បង្ហាញ ពង្រឹង និងអភិវឌ្ឍសមត្ថភាព មុនចេញទៅស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាមផង និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង»

សម្រាប់លទ្ធផលការប្រកួតសប្ដាហ៍ទី២ នៃកម្មវិធី UBC-2021 រួមមានគូឯកកីឡាករ ទូច ដេវីត បានយកឈ្នះពិន្ទុលើកីឡាករ ខុន ឌីណា ខណៈគូឯករង រវាងកីឡាការិនី នៅ ស្រីពៅ និង វី ស្រីស្រស់ បានត្រឹមស្មើគ្នា។ ចំណែកគូពិសេស កីឡាករ អំ ខេម បានយកឈ្នះពិន្ទុលើកីឡាករ ឈុន ប្រាក់កាក់។ រីឯ ៣គូទៀត រួមមានកីឡាករ លីន ឌឹមង៉ែត ឈ្នះពិន្ទុកីឡាករ ឆន ឈៀនរ៉ាន់, កីឡាករ វុទ្ធី ពិសី ចាញ់ពិន្ទុកីឡាករ រុំ ធារ៉ា និងកីឡាករ ផល ស៊ីឡុង ឈ្នះពិន្ទុកីឡាករ ឈិន សីហា៕